(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ Fresh News នៅមុននេះបន្តិចថា អង្គភាពរបស់លោកបានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ្រ រតនា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីបាននាំខ្លួនមកស្នាក់ការរបស់ ACU នៅព្រឹកមិញ។
លោកទេសរដ្ឋមន្រ្តីបានអះអាងថា លោកមេធាវី ពេជ្រ រតនា នឹងត្រូវបញ្ជូនទៅតុលាការ ក្រោយការឃាត់ខ្លួនរយៈពេល ៤៨ម៉ោង។ លោកថា លោក ពេជ្រ រតនា មានការពាក់ព័ន្ធនឹងករណីពុករលួយ ប៉ុន្តែលោកមិនទាន់អះអាងថា ស្ថិតនៅក្នុងមាត្រាណាមួយ នៃច្បាប់ប្រឆាំងអំពើពុករលួយ នៅឡើយទេ។
លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងថា «ក្រោយពីយើងស្តាប់ចម្លើយ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនរបស់គាត់ នៅម៉ោង ៥ល្ងាច ថ្ងៃហ្នឹង ដើម្បីយើងកសាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យបានទាន់ពេលក្នុង៤៨ម៉ោងទៅមុខនេះ គាត់គឺឈ្មោះ ពេជ្រ រតនា»។
លោកមេធាវី ពេជ្រ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួន ពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក។
ទោះជាយ៉ាងណា លោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវី បានអះអាងថា លោកនឹងមិនការពារមេធាវីណា ដែលធ្វើខុសវិជ្ជាជីវៈរបស់មេធាវីនោះឡើយ។ «យើងគ្រប់គ្រងមេធាវី ទៅលើការអនុវត្តច្បាប់ ទៅលើការអនុវត្តវិជ្ជាជីវៈរបស់មេធាវី នៅពេលមានការចាប់ ឬឃាត់ខ្លួនមេធាវីណាមួយ បើគាត់ប្រព្រឹត្តខុសច្បាប់ គណៈមេធាវីគ្មានសិទ្ធិណា ទៅអន្តរាគមន៍ឱ្យគេរួចខ្លួនទេ»។ ទោះជាយ៉ាងណា លោកថា នឹងបន្តឃ្លាំមើលករណីនេះ៕