(កណ្ដាល)៖ ប្រជាកសិករជាច្រើនគ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលបានការបណ្ដុះបណ្ដាល អំពីបច្ចេកទេសចិញ្ចឹមជន្លេន និងទទួលបានគ្រាប់ពូជបន្លែ ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

លោក សាន វ៉ាន់ធុល អភិបាលរងស្រុកអង្គស្នួល បានថ្លែងថា «យើងសូមថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ របស់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលផ្តល់ចំណេះដឹង និងប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍របស់យើង»

លោក សាន វ៉ាន់ធុល បានបន្ដទៀតថា ការបរិច្ចាគគ្រាប់ពូជបន្លែ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដុះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ខណៈដែលការចិញ្ចឹមជន្លេន គឺជាវិធីសាស្ត្រថ្មី ជួយលើកកម្ពស់វិស័យកសិកម្មរបស់យើង។

កម្មវិធីដែលបានដំណើរការ រួមមាន៖ បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។ កម្មវិធីទីមួយ៖ គឺការផ្តល់សិក្ខាសាលា ស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម ជន្លេននឹងបញ្ចេញមកវិញនូវលាមក ដែលមានសារធាតុ ចិញ្ចឹមជាច្រើន។

លាមកជន្លេនទាំងនោះ នឹងក្លាយជាជីធម្មជាតិ និងធ្វើឲ្យដីមានជីជាតិឡើងវិញសម្រាប់ដំណាំ និងបន្លែ។ វិធីសាស្ត្រនេះ ជួយកាត់បន្ថយសំរាម និងកាត់បន្ថយការដុតវាចោលដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។ លើសពីនេះ ប្រជាកសិករ ចំណាយដើមទុនតិចបំផុត ក្នុងការចិញ្ចឹមជន្លេន ហើយពួកគេក៏នឹងអាចលក់ជន្លេន ដើម្បីធ្វើជាចំណីត្រី ដែលអាចបង្កើនប្រភពចំណូលបន្ថែមផងដែរ។

កម្មវិធីទីពីរ៖ គឺការបរិច្ចាគគ្រាប់ពូជបន្លែ។ នេះជាកម្មវិធីដែលបានមកពីការចូលរួម របស់បុគ្គលិកណាហ្គាវើលដ៍ដែលពួកគេ បានចូលរួមហាត់ប្រាណ ក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ កាលពី ឆ្នាំមុន។ ចំនួនម៉ោង ឬចម្ងាយនៃការធ្វើលំហាត់ប្រាណរបស់ពួកគេ ដូចជា៖ ការដើរ រត់ ឬជិះកង់ជាដើម ត្រូវបានគណនាទៅជាចំនួនគ្រាប់ពូជបន្លែ សម្រាប់យកទៅចែកជូន ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងស្រុកអង្គស្នួល។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា នៅពេលបុគ្គលិកកាន់តែច្រើន ចូលរួមហាត់ប្រាណ មានន័យថា ពួកគេអាចរកគ្រាប់ពូជបន្លែ បានកាន់តែច្រើនសម្រាប់ប្រជាកសិករ ក្នុងស្រុកអង្គស្នួល។ មានបុគ្គលិករបស់យើងជាច្រើន បានចូលរួមហាត់ប្រាណ និងរក្សារបៀបរស់នៅសកម្ម និងប្រកបដោយសុខភាពល្អ ក្នុងអំឡុងពេលបិទខ្ទប់។ ពួកគេបានខិតខំហាត់ប្រាណ ដើម្បីសុខភាពល្អផង និងជួយដល់សហគមន៍របស់ពួកគេផង។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្ដាល៕