លោក ហ៊ុន ម៉ានី ទទួលឈុតខោអាវកីឡា៥ពាន់ឈុតពីលោក ម៉ឹង មករា
24-08-2022 16:40
(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ឹង មករា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ខាង ឡេង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា (CDC) បាននាំយកឈុតខោអាវកីឡា ចំនួន ៥,០០០ឈុត ជូនដល់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។
ការប្រគល់ជូនឈុតខោអាវកីឡានេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិសេសការពង្រឹង និងពង្រីកវិស័យកីឡា ក្នុងស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ។
ក្នុងឱកាសនៃការទទួលសម្ភារនោះ លោក ហ៊ុន ម៉ានី តំណាងឲ្យអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រជាជនខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសប្បុរសជនទាំងក្នុងក្របខណ្ឌរដ្ឋ និងវិស័យឯកជននានា ដែលតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ហើយលើសពីនោះថែមទៀតគឺការចូលរួមលើកកម្ពស់វិស័យកីឡាក្នុងប្រទេសកម្ពុជាឱ្យទទួលបានភាពជោគជ័យ និងរីកចម្រើនឆ្ពោះទៅមុខ៕