(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ នាទីស្ដីការក្រសួង ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានប្រចាំកម្ពុជា លោក Zaheeruddin Babar Thaheem បានកោតសរសើរយ៉ាងខ្លាំង ចំពោះភាពឈ្លាសវៃ និងការដឹកនាំ ប្រកបដោយភាពខ្លាំង របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីកម្ពុជា លើការគ្រប់គ្រងវិបត្ដិកូវីដ១៩ បានយ៉ាងល្អប្រសើរ។

ជាពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាឧទាហ៍មួយដ៏ធំ ដែលបានឆ្លុះបញ្ចំាងឱ្យបណ្ដាលប្រទេសនៅលើសកលលោក ក៏ដូចជារូបលោកផ្ទាល់ ថាកម្ពុជាធ្វើបានយ៉ាងល្អប្រសើរមែនទែន បើបៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀត ហើយអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះក៏បានខ្ពស់ ដែលលោកមិននឹកស្មានដល់ថា «កម្ពុជាអាចធ្វើបាន»។

ឯកអគ្គរដ្ឋទូតរូបនេះ គូសបញ្ជាក់ថា «អ្វីជាមោទនភាពទៀតនោះ លោកបានឆ្លៀតពេលទៅទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទីនោះផងដែរ។ ដែលការស្រោចស្របវ៉ាក់សាំងនៅកម្ពុជា គឺធ្វើបានយ៉ាងល្អ នេះជាចំណុចគួរឱ្យមានការរៀនសូត្រពីគ្នាទៅវិញទៅមក»

លោក Zaheeruddin Babar Thaheem បានលើកឡើងថា កន្លងមកប្រទេសកម្ពុជា-ប៉ាគីស្ថាន ក៏ធ្លាប់មានកិច្ចសហប្រតិបត្ដិការមួយចំនួន ហើយត្រូវការបានអាក់ខានក្នុងអំឡុងកូវីដ១៩ ឥលូវនេះលោកចង់ឱ្យមានការរួមគ្នាឡើងវិញ ដើម្បីជំរុញ និងបង្កើតកិច្ចសហប្រតិបត្ដិការ ទ្វេភាគីរវាងគ្នា។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យកម្ពុជាពិនិត្យនូវចំណុចដែលអាចធ្វើកិច្ចសហប្រតិបត្ដិការជាមួយគ្នាបាន ជាពិសេសនៅក្នុងផ្នែកឱសថ និងបរិក្ខារពេទ្យ ខណៈនៅប្រទេសខ្លួនក៏មានរោងចក្រធំៗជាច្រើនដែរ ដែលកន្លងនេះ បានផលិតនូវឱសថ បរិក្ខារពេទ្យ ដែលបានចរាចណ៍នៅលើសកលលោកនេះ ជាពិសេសនៅក្នុងបណ្ដាប្រទេសនាពេលបច្ចុប្បន្ន ។ដោយឡែកនៅកម្ពុជា ក៏មានឱសថ និងសម្ភារពេទ្យពេទ្យក្នុងកម្រិតតិចតួចនៅឡើយ ដែលបាននាំចូលពីប្រទេសប៉ាគីស្ថាន។

លើសពីនោះ ដោយកន្លងមកនេះ ប៉ាគីស្ថានក៏ធ្លាប់ផ្ដល់អាហារូបករណ៍មួយចំនួនមកកម្ពុជា, ដូច្នេះ ឯកអគ្គរដ្ឋទូតរូបនេះ មានបំណងផ្ដល់នូវអាហារូបករណ៍បន្ដមកកម្ពុជាផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានរីករាយស្វាគមន៍ចំពោះការទទួលយកអាហារូបករណ៍នេះ ពីព្រោះការបណ្ដុះបណ្ដាលធនធានមនុស្ស នៅតែជាចំណុចគន្លឹះនៅក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹង និងពង្រីក ឱ្យមានគុណភាពល្អ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋរបស់យើងឱ្យកាន់តែប្រសើរ។ លើសពីនោះ នឹងពិនិត្យរួមគ្នា នៅក្នុងការធ្វើកិច្ចសហប្រតិបត្ដិការបន្ដទៀត។

ក្នុងឱកាសនោះរដ្ឋមន្ដ្រីសុខាភិបាល ក៏បានជម្រាបជូនដល់ប៉ាគីស្ថាន ពីសមិទ្ធផលនានារបស់កម្ពុជា ជាពិសេសវិស័យសុខាភិបាលដែលសម្រេចបាន ដែលផ្ដោតសំខាន់ទៅលើសមិទ្ធផល និងលទ្ធផល ដ៏ល្អដែលបានមក ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឆ្លាតវៃ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងការគ្រប់គ្រង ឆ្លើយតបនឹងជំងឺកូវីដ១៩ ពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពរដ្ឋ មានអត្រាខ្ពស់ ដែលមកទល់នឹងពេលនេះ បានជិត៩៥% ក្នុងចំណោមប្រជាពលរដ្ឋ ១៦លាននាក់៕