Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ សំណង់ជាប់គាំងដោយសារកូវីដ១៩ ជិត១០០អគារនៅព្រះសីហនុ ចាប់ផ្តើមដំណើរការវិញបណ្តើរៗហើយ (Video inside)

24-08-2022 16:18

(ភ្នំពេញ)៖ ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្បើយ និងបើកដំណើរការប្រទេសឡើងវិញនោះ សំណង់ដែលជាប់គាំងកន្លងមកជាពិសេសខេត្តព្រះសីហនុ ដែលមានចំនួនប្រមាណពី៨០ ទៅ១០០នោះ កំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរហើយ។ នេះបើតាមការបញ្ជាក់របស់ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

វិបត្តិកូវីដ១៩ ដែលចាប់ផ្តើមពីឆ្នាំ២០២០ បានធ្វើឱ្យវិស័យនានានៅកម្ពុជា ក៏ដូចជាពិភពលោករងផលប៉ះពាល់យ៉ាងដំណំ។ ចំណែកវិស័យសំណង់ ក៏ជួបប្រទះនឹងភាពរាំងស្ទះមួយចំនួនដែរ។

ទោះជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានតែខេត្តព្រះសីហនុមួយទេ ដែលមានសំណង់អគារច្រើនជាងគេប្រមាណ៨០ ទៅ១០០ សាងសង់មិនទាន់រួច ដោយឡែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ មិនមានភាពរាំងស្ទះនោះនោះទេ។ នេះបើតាម អ្នកនាំពាក្យក្រសួងរៀបចំដែនដី។

លោក សេង ឡូត បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេច បានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» ដែលបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ «ឥលូវនេះរាជរដ្ឋាភិបាល កំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រ នៃការអភិវឌ្ឍឡើងវិញក្រោយកូវីដ១៩ ទទឹមនឹងការអភិវឌ្ឍ និងការរស់នៅតាមប្រក្រតីភាពថ្មីនៃស្ថានភាពកូវីដ១៩នេះ អញ្ចឹងខ្ញុំមានការជឿជាក់ថា មិនយូរទេបញ្ហាដែលជាប់គាំងនេះ នឹងត្រូវបានដោះស្រាយ ខាងវិស័យឯកជនក៏គាត់ត្រូវតែធ្វើមិចឈ្មួសឈ្មុល ដើម្បីបញ្ចប់គម្រោងរបស់គាត់ ដើម្បីឱ្យឆាប់បានទទួលផល ពីគម្រោងរបស់គាត់»

បញ្ហាសំណង់សង់មិនទាន់រួចនៅក្នុងខេត្តព្រះសីហនុ ដែលមានចំនួនច្រើនជាងគេ ត្រូវបាន លោក សេង ឡូត បញ្ជាក់ថាដោយសារខេត្តមាត់សមុទ្រនេះមានការរីកច ម្រើនលូតលាស់ខ្លាំង ហើយការសាងសង់សំណង់អគារក៏មានច្រើនជាងគេ ក្នុងរយៈពេលកន្លងមកនេះ។

អ្នកនាំពាក្យរូបនេះ បានអះអាងទៀតថា មានសំណង់ខ្លះឃើញថា មានការផ្អាកមួយរយៈពេល តែក្រោយមកក៏ឃើញមានការសាសង់ឡើងវិញ ដូចនេះហើយមិនយូរ នោះទេ ក្នុងសំណង់ទាំង ៨០ ទៅ១០០សំណង់ ក្នុងខេត្តព្រះសីហនុនេះ នឹងអាចសាងសង់សង់បានរួចរាល់តាមការគ្រោងទុករបស់វិស័យឯកជន ដែលខិតខំប្រឹងប្រែង សាងសង់ដើម្បីបំពេញតម្រូវការ។

បើតាមលោក សេង ឡូត, ការរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលជាសកលតែម្តង មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ ទាំងវិស័យអចនទ្រព្យ និងវិស័យផ្សេងៗ ដូច្នេះហើយទើប មានការខកខាននូវការសាងសង់បញ្ចប់នូវសំណង់មួយចំនួន។

របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា «ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់ នៅកម្ពុជាសម្រេចបាន ១៩,៣២២ គម្រោង ផ្ទៃក្រឡាសំណង់ ៧១,៤៥៩ ២៣៣ ម៉ែត្រការ៉េ ទុនវិនិយោគ ៣១,៤៨៤លានដុល្លារអាមេរិក»។ ដោយឡែក រយៈពេល៦ខែ ឆ្នាំ២០២២ នេះ កម្ពុជាមានថ្មី ២,០០០ គម្រោង ផ្ទៃក្រឡាសំណង់ ២,៨៥៩,៨៧៧ ម៉ែត្រការ៉េ ទុនវិនិយោគ១,២០៦ លានដុល្លារអាមេរិក៕