(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត ម៉ែន សំអន បានសម្តែងសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅកម្ពុជា ស្របពេលដែលឆ្នាំនេះជាខួបលើកទី៥៥ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ និងខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ របស់សម្តេចតេជោ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

លោក ឡេ ហាយជុង បានសម្តែងសេចក្តីរីករាយ និងថ្លែងការកោតសសើរចំពោះកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលឈានមុខគេក្នុងការ គ្រប់គ្រងជំងឺកូវីដ និងបានស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស និងបានគោរពជម្រាបជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពីដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាព រវាងបក្សនិងបក្ស ប្រជាជន និងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។

លោកស្រីបណ្ឌិត ម៉ែន សំអន ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង ក្នុងឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង រវាងគណបក្ស រដ្ឋាភិបាល ប្រជាជននៃប្រទេសយើងទាំងពីរ ក៏ដូចជា ការពង្រឹងនូវទំនាក់ទំនងនៃគណៈទាក់ទងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកស្រីបណ្ឌិត បានបន្តទៀតថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» គឺបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អ មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍប្រទេសទាំងពីរប៉ុណ្ណោះទេ គឺបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោកផងដែរ៕