(ភ្នំពេញ)៖ បណ្ឌិត ង៉ោ ប៊ុនថាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា វិស័យកសិកម្មអាចរីកចម្រើន និងឆ្ពោះទៅមុខបានអាស្រ័យលើការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ប្រសិនបើគ្មានការចូលរួមពីវិស័យឯកជននោះទេ វិស័យកសិកម្មមិនអាចឆ្ពោះទៅកាន់គោលដៅ និងភាពជោគជ័យបានឡើយ។

ការលើកឡើងរបស់លោកបណ្ឌិត ង៉ោ ប៊ុនថាន ធ្វើឡើងក្នុងឱកាសចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ដាវ៉ាន់ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើគម្រោងការប្រើប្រាស់ធនធាន ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងខ្សែច្រវ៉ាក់តម្លៃកសិកម្មនៅកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

លោកបណ្ឌិត ង៉ោ ប៊ុនថាន បានថ្លែងថា «សេដ្ឋកិច្ចជាតិ វិស័យកសិកម្ម ដរាបណាគ្មានវិស័យឯកជនចូលរួមជាមួយនោះទេ គឺមិនអាចរីកចម្រើនឆ្ពោះទៅមុខឡើយ។ ការនាំចេញវិស័យកសិកម្ម ត្រូវតែមានក្រុមហ៊ុនឯកជនននាំចេញ-ចូល ដូចជាការនាំចេញផ្លែចេក ផ្លែស្វាយទៅកាន់ប្រទេសចិន ត្រូវតែពឹងលើក្រុមហ៊ុនឯកជនដែលទទួលខុសត្រូវ មានបច្ចេកទេស នឹងធ្វើការនាំចេញបាន»

លោកបណ្ឌិតបានបន្ដថា រហូតមកដល់ពេលនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសហការជាមួយដៃគូជាច្រើន ពោលក្រុមហ៊ុនណា ដែលផ្ដល់នូវកិច្ចសហប្រតិបត្តិការ លើវិស័យកសិម្ម និងជំរុញលើវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន គឺសាកវិទ្យាល័យភូមិន្ទកសិកម្ម បានសហការជាមួយក្រុមហ៊ុនទាំងនោះ។ ការសហការជាមួយនឹងបណ្ដាក្រុមហ៊ុនឯកជននានា និងសាកវិទ្យាល័យនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានប្រាក់ចំណូល និងធ្វើឲ្យវិស័យកសិកម្មកាន់តែរីកចម្រើន។

លោកបណ្ឌិតបានបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះសាកវិទ្យាល័យភូមិន្ទកសិកម្ម បានបង្កើតកិច្ចសហប្រតិបត្តិការថ្មីជាមួយក្រុមហ៊ុន ដាវ៉ាន់ លើគម្រោងការប្រើប្រាស់ធនធាន ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងខ្សែច្រវ៉ាក់តម្លៃកសិកម្មនៅកម្ពុជា។

លោក ឆេង មករា នាយកប្រតិបត្តិ ក្រុមហ៊ុនដាវ៉ាន់ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ឆាប់រហ័សនា២ទស្សវត្តន៍ចុងក្រោយនេះ ស្ថិតនៅក្រោមស្ថេរភាពនយោបាយ សង្គម និងម្លប់សន្តិភាពពេញលេញពិតណាស់ កម្ពុជាជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនក្នុងតំបន់ ផលិតផលក្នុងស្រុកសរុប (GDP) កើនដល់២៥ពាន់លានដុល្លារ ក្នុងនោះវិស័យកសិកម្មរួមចំណែក២២% នៃចំនួន GDP សរុប។

លោកបានបញ្ជាក់ថា កំឡុងពេលប្រទេសកំពុងបន្តការអភិវឌ្ឈ និងភាពរីកចំរើននៃសេដ្ឋកិច្ចទាំងមូល វិស័យកសិកម្មហាក់ដូចជា មិនសូវមានកាវិវឌ្ឍន៍ស្របជាមួយការរីកចម្រើនជារួមឡើយ ផ្ទុយទៅវិញបានជួបប្រទះបញ្ហាប្រឈមយ៉ាងធំក្នុងស្ថានភាពដ៏ស្មុគស្មាញ។

លោកបានបន្ថែមថា ដោយសារការវិនិយោគមានកំរិតទាបលើវិស័យកសិកម្មសង្កេតឃើញថា ស្ថានភាពសុវត្ថិភាពចំណីអាហារ មិនមានភាពប្រសើរ និងមិនមានល្បឿនលឿនគ្រប់គ្រាន់ សម្របតាមការវិវឌ្ឍជារួម។ ប្រជាជនទូទៅបារម្ភពីគ្រោះថ្នាក់ចំណីអាហារ តែមិនមានវិធីឬចំនេះដឹងគ្រប់គ្រាន់ ក្នុងការសម្រេចបាននូវគោលដៅសុវត្ថិភាពចំណីអាហារ ខណៈប្រព័ន្ធចំណីអាហារមិនទាន់មានសភាពល្អឡើយ។

ដោយមើលឃើញស្ថានភាពបែបនេះ ដាវ៉ាន់បានដាក់ចេញនូវបេសកកម្ម អាហារសុវត្ថិភាពនៅគ្រប់គេហដ្ឋាន ហើយប្រជាជនមានសុខភាពល្អ និងរស់បានយូរជាងមុន បេសកម្មនេះឈរលើការប្តេជ្ញាដ៏មោះមុត ក្នុងការដោះស្រាយក្តីបារម្ភដែលកំពុងកើនឡើង ក្នុងវិស័យសុវត្ថិភាពចំណីអាហារ។

លោកបានបន្ដថា តាំងពីការចាប់ផ្តើម ដាវ៉ាន់ បានធ្វើដំណើរសន្សឹមៗឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន ដោយបើកហាងអាហារទំនើបលក់បន្លែត្រីសាច់ បម្រើអតិថិជន ដែលព្រួយបារម្ភអំពីគុណភាព និងសុវត្ថិភាពអាហារ ការសម្រេចបាននូវបេសកកម្មនេះបានលុះត្រាតែ អាចដាក់ចេញ និងពង្រឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ជាមួយនឹងធនធានមនុស្សដែលមានសមត្ថភាព, អនុវត្តន៏ប្រព័ន្ធសុវត្ថិភាព ដោយឈរលើគោលការណ៍នៃ បរិបទទីផ្សារសេរីដែលផ្តោតសំខាន់លើអតិថិជនជាគោល, កសាងប្រព័ន្ធអេកូឡូស៊ីនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព តាមរយៈការជ្រើសរើសអ្នកផលិតល្អៗ និងផ្តល់ការគាំទ្រដល់ពួកគេ, ចូលរួម និងផ្សារភ្ជាប់ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត រួមមានរដ្ឋាភិបាល សាកលវិទ្យាល័យ និងភ្នាក់ងារអភិវឌ្ឍន៍ក្នុងវិធីសាស្រ្តរួមមួយ ដើម្បីសម្រេចបាននូវការងាររៀបរាប់ខាងលើ និងធ្វើការវិនិយោគឲ្យបានគ្រប់គ្រាន់ ក្នុងការបង្កើនការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ៕