(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកដល់ម្ចាស់យានយន្តមិនទាន់បង់ពន្ធគ្រប់ប្រភេទ ឲ្យចូលទៅបង់ពន្ធយានយន្តក្នុងដំណាក់កាលអនុគ្រោះលើកទី២ ហើយបើនៅតែបន្តយឺតយ៉ាវ នឹងមិនមានការអនុគ្រោះទៀតនោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះថា ដំណាក់កាលទី នៃការទទួលបង់ពន្ធអាករយានយន្តគ្មានពន្ធ បានកន្លងផុតហើយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។ គយបញ្ជាក់ថា បច្ចុប្បន្នកំពុងអនុវត្តទទួលការបង់ពន្ធអាករយានយន្តគ្មានពន្ធក្នុងដំណាក់កាលទី២ ដែលមានរយៈពេល ៤ខែ ដែលនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
តាមសេចក្តីជូនដំណឹងដដែលនេះ គយបានបញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ ការបង់ពន្ធនៅតែបន្តការពិន័យអនុគ្រោះ ក្នុងកម្រិតដូចគ្នាក្នុងដំណាក់កាលទី១ ដដែល។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ប្រសិនបើម្ចាស់យានយន្តមិនទាន់បង់ពន្ធនៅតែបន្តភាពយឺតយ៉ាវទៀត ការពិន័យអនុគ្រោះបង់ពន្ធនឹងពុំពន្យារពេលទៀតនោះឡើយ ហើយដំណាក់កាលទី៣ ជាដំណាក់កាលនៃប្រតិបត្តិការបង្ក្រាប។
ដើម្បីចៀសផុតពីការបង្រ្កាប និងការពិន័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវ ដល់ម្ចាស់យានយន្តគ្មានពន្ធទាំងអស់ឲ្យរួសរាន់ចូលទៅបង់ពន្ធ និងអាករ ឲ្យបានឆាប់មុនកាលបរិច្ឆេទកំណត់ខាងលើ។
តាមរយៈសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានក្រើនរំលឹកថា យានយន្តគ្មានពន្ធគ្រប់ប្រភេទ នឹងត្រូវរងវិធានការបង្រ្កាបដោយម៉ឺងម៉ាត់ និងទូលំទូលាយនៅទូទាំងប្រទេស តាមបទប្បញ្ញត្តិជាធរមាន ដោយគ្មានការរើសអើងឡើយ៕