(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោកស្រីបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំអំពីការទទួលមរណភាពរបស់មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានទទួលមរណភាព កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

លោកស្រី បានសម្តែងការសោកស្តាយ ស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់មហាវិរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ខេរ៉ូ ស៊ុនស្រេង បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធាន មនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាវីរិយាភិរ័ត្នសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕