(ពោធិ៍សាត់)៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលពោធិ៍សាត់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា ឥឡូវនេះកម្មករនិយោជិត ក្នុងវិស័យឯកជន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ទទួលបានប្រាក់សោធនដែរ ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្នាក់ដឹកនាំទាំង២ បានលើកឡើងស្រដៀងៗគ្នាបែបនេះ នៅសាលប្រជុំសណ្ឋាគារ រីវើសាយពោធិ៍សាត់ ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ប.ស.ស ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
លោក ហៀប ម៉ានិត ប្រធានសាខា ប.ស.ស ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២នេះ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានចូលប្រើប្រាស់សេវាក្នុងមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ចំនួន២១,៩៦០នាក់ និងកម្មករនិយោជិត ចំនួន៣៦,៨៧២នាក់។ បានផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ ចំនួន៩៣១នាក់ ប្រាក់រាជរដ្ឋាភិបាលសម្រាប់កម្មករជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ចំនួន៤,៦៩៨នាក់។ ចាប់ពីមានប្រកាសអន្តរក្រសួង ស្ដីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងាររួចមក សាខា ប.ស.ស ខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយបានចំនួនពីរលើក គឺលើកទី១ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញម្ចាស់ និងតំណាងសហគ្រាស ចំនួន១០២សហគ្រាស និងលើកទី២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ។
លោកបានបន្តថា សាខា ប.ស.ស ខេត្ត បានសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល៩០ថ្ងៃ តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានចំនួន៨២លើក ស្មើ៨៨សហគ្រាស មានកម្មករចូលរួម ចំនួន១០,៤២៩នាក់។ ចំពោះសហគ្រាសនៅតាមបណ្ដាស្រុកទាំង៦ បានចុះផ្សព្វផ្សាយរួចហើយ នៅឡើយតែក្រុងពោធិ៍សាត់ប៉ុណ្ណោះ។
លោក ចេង ឡៃ និងលោក អ៊ុក សមវិទ្យា បានជម្រាបជូនថា ប.ស.ស មានអាយុកាល១៣ឆ្នាំ ៨ខែមកហើយ គិតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ប.ស.ស បានជួយជ្រោមជ្រែង និងទទួលខុសត្រូវ ទៅលើកម្មករ និយោជិត ដែលទទួលរងហានិភ័យការងារជាយថាហេតុ។ ក្នុងឆ្នាំ២០១៦ បានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព គឺធានាសុខភាព២៤ម៉ោង លើ២៤ម៉ោង ហើយក្នុងខេត្តពោធិ៍សាត់ មានមន្ទីរពេទ្យសាធារណៈ ដែលជាដៃគូររបស់ ប.ស.ស ចំនួន៤៤។ បងប្អូនយើងមិនថាតែកម្មករ និយោជិត មន្ត្រីសាធារណៈ មន្ត្រីស៊ីវិល នគរបាល និវត្តជន និងអតីតយុទ្ធជន គឺអាចចូលទៅប្រើសេវាបានទាំងអស់។
លោកថា ដូចដែលយើងបានដឹងហើយថា កាលពីមុនផ្នែកប្រាក់សោធន មានតែចំពោះមន្ត្រីស៊ីវិល ឬមន្ត្រីរាជការរតែប៉ុណ្ណោះ ដែលមានប្រាក់ចូលនិវត្ត សម្រាប់បងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជន ពុំធ្លាប់ទទួលបានការធានារ៉ាប់រងផ្នែកប្រាក់សោធននោះទេ។ ឥឡូវនេះកម្មករនិយោជិតក្នុងវិស័យឯកជន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីការងារទទួលបានប្រាក់សោធនដែរ ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕