(ព្រះសីហនុ)៖ ដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៅក្នុងខេត្តទាំងអស់ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានចុះផ្សព្វផ្សាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស នៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ គីម សុង បានឱ្យដឹងថា ការចុះផ្សព្វផ្សាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស នៅតាមសាលារៀនពេលនេះធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដើម្បីឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអត្ថប្រយោជន៍ក្នុងការមួកសុវត្ថិភាព ការបើកបរប្រកបដោយសុវត្ថិភាព ការធ្វើដំណើរឆ្លងផ្លូវដោយសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ជាដើម។
លោកវរសេនីយ៍ទោ គីម សុង បានបន្តថា ការចុះផ្សព្វផ្សាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស នៅតាមសាលារៀន ក្នុងខេត្តព្រះសីហនុ នឹងធ្វើឡើងជាបន្តបន្ទាប់ តាមសាលារៀន ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស៕