(កំពង់ឆ្នាំង)៖ បន្ទាប់ពីស្ថានភាពជំងឺកូវីដ បានធូរស្បើយឡើងវិញ សិប្បកម្មកុលាលភាជន៍ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកំពុងមានសន្ទុះគាំទ្រឡើងវិញ ពីសំណាក់អ្នកប្រើប្រាស់នៅក្នុងស្រុក ខណៈក្រុមសិប្បករជាច្រើនកំពុងមមាញឹកផលិតដល់អតិថិជនកម្ម៉ង់។
សិប្បកម្មស្មូន (ភាជន៍ដី ចាន ឆ្នាំង ឬ ក្អមដែលធ្វើដោយដី) ដីមួយរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានកើតឡើងជាង៦ឆ្នាំមកហើយ ដោយបានច្នៃប្រឌិតការស្មូនដីឥដ្ឋផលិតជារបស់ប្រើប្រាស់គ្រប់ប្រភេទ ហើយក៏អាចដុតចម្អិនរបស់ប្រើប្រាស់ពីដីឥដ្ឋទាំងនោះ ឱ្យក្លាយទៅជាសេរ៉ាមិចយ៉ាងល្អ ដែលមានតម្លៃខ្ពស់តាមតម្រូវការអ្នកប្រើប្រាស់។
បើតាមលោកស្រី យ៉ង់ សុខា អាយុ ៣២ឆ្នាំ ជាម្ចាស់សិប្បកម្មកុលាលភាជន៍ភូមិបាញ់ឆ្គោល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ឱ្យដឹងថា សិប្បកម្មរបស់លោកស្រីបានបើកដំណើរការ ជាង៦ឆ្នាំមកហើយ ដែលក្នុងពេលនេះក្រោយពីវិបត្តិជំងឺកូវីដ១៩ រួចមកកំពុងជំរុញការផលិតរបស់ប្រើប្រាស់អំពីដីឥដ្ឋតាមរចនាបថប្រពៃណីខ្មែរគ្រប់ប្រភេទ និងក៏អាចដុតរបស់ទាំងអស់នោះឱ្យក្លាយទៅ ជាសេរ៉ាមិចយ៉ាងល្អផងដែរ ដែលអាចលក់ចេញមានតម្លៃខ្ពស់ជាងរបស់ប្រើប្រាស់ពីដីឥដ្ឋធម្មតា ដើម្បីផ្គត់ផ្គង់អតិថិជនក្នុងស្រុក»។
លោកស្រី យ៉ង់ សុខា បានឱ្យដឹងថា មកដល់ពេលនេះសិប្បកម្មរបស់លោកស្រីមានភាពច្នៃប្រឌិតរបស់ប្រើប្រាស់ជាច្រើនប្រភេទ និងមានបុគ្គលិកនារីចំនួន៧នាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ និងជាអ្នកផលិតរបស់ប្រើប្រាស់ អំពីដីឥដ្ឋ គ្រប់ប្រភេទទៅតាមការកម្ម៉ង់របស់អតិថិជន។ បុគ្គលិកខាងលើនេះមួយចំនួនស៊ីប្រាក់ខែ និងមួយចំនួនទៀតផលិតរបស់ប្រើប្រាស់រាប់គិតលុយតាមចំនួនជាក់ស្ដែង ដែលក្នុងមួយខែៗពួកគេរកប្រាក់ចំណូលបានពី៦៥ម៉ឺន ទៅ១លានរៀល សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ទៅតាមការប្រឹងប្រែងផលិតរៀងៗខ្លួន។
ម្ចាស់សិប្បកម្មរូបនេះ បានបន្តថា ក្រោយពីវិបត្តិជំងឺកូវីដ១៩ បានថយចុះ និងត្រូវបានរដ្ឋាភិបាលបានបើកប្រទេសឡើងវិញនោះ សិប្បកម្មរបស់លោកស្រីភាគច្រើនភ្ញៀវ នៅតាម២៥ រាជធានី-ខេត្ត បានកម្ម៉ង់ទិញរបស់ប្រើប្រាស់អំពីដីឥដ្ឋ។ ចំពោះរបស់ប្រើប្រាស់អំពីសេរ៉ាមិចដែលមានតម្លៃខ្ពស់នោះ ហើយក៏មានការកម្ម៉ង់ទិញយ៉ាងច្រើនផងដែរ។
ចំណែកលោក សំ សំណាង មេភូមិបាញ់ឆ្គោល បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោល សរុបមានចំនួន ២៣១គ្រួសារដែលក្នុងនោះ៧០% ប្រកបមុខរបបស្មូនដី ធ្វើជារបស់ប្រើប្រាស់គ្រប់ប្រភេទ បន្ទាប់ពីមុខរបរធ្វើស្រែចំកា។ ចំណែក៣០% ទៀត ជាអ្នកទទួលទិញរបស់ខាងលើនេះដឹកតាមរ៉ឺម៉កម៉ូតូ គោយន្ត រថយន្តកែច្នៃ ដឹកដើរលក់តាមបណ្ដាខេត្តនានា នៅក្នុងប្រទេស។
លោកមេភូមិរូបនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសសូមជួយគាំទ្រផលិតផល ដែលជាស្នាដៃរបស់ខ្មែរ ដើម្បីឱ្យកូនខ្មែរអាចថែរក្សាមរតកវប្បធម៌ពីដូនតាឱ្យបានគង់វង្សយូរអង្វែងរហូតតទៅកុំឱ្យបាត់បង់៕