(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ នៅប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវ «នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកពិសេស (VIP) នៅថ្ងៃនេះ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា នឹងជួបប្រជុំជាមួយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃរាជរដ្ឋាភិបាលថៃ ស្តីពីស្តង់ដានៃនីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ ខណៈដែលលោកស្រីរំពឹងថា ភាគីទាំងពីរអាចនឹងចុះហត្ថលេខាលើនីតិវិធីប្រតិបត្តិស្តង់ដាមួយនេះ ខាងមុខឆាប់ៗ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបន្ថែមថា ស្តង់ដារនៃនីតិវិធីប្រតិបត្តិនេះ នឹងក្លាយជាគោលការណ៍ណែនាំដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយករណីជួញដូរមនុស្ស រវាងប្រទេសកម្ពុជានិងថៃ។ លោកស្រីបានបន្តទៀតថា អាជ្ញាធរកម្ពុជានៅតែដាក់ចិត្ដដាក់កាយប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងដ៏មានសុខុដុមរមា មិនមានបញ្ហាឧក្រិដ្ឋកម្មដ៏អាក្រក់បែបនេះ៕