(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ដែលទើបទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ឱ្យទទួលតួនាទី ភារកិច្ចថ្មីទាំងអស់ត្រូវខិតខំប្រឹងបម្រើ ប្រជាពលរដ្ឋទៅតាមចំណេះជំនាញរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។
ការណែនាំបែបនេះរបស់លោក សុខ លូ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ចូលរួមផងដែរ។
នាឱកាសនោះដែរលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអបអរសាទរដល់មន្រ្តីដែលទើបទទួលបានចូលកាន់មុខតំណែងថ្មី និងសំណេះសំណាលដល់មន្រ្តីរាជការក្នុងពិធីនេះផងដែរ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលការណ៍ និងសម្រេចឱ្យតែងតាំងថ្នាក់អភិបាលរងខេត្តបន្ថែម នៅគ្រប់បណ្តារាជធានីខេត្ត និងក្រុង ស្រុក ពិសេសខេត្ត និងស្រុកមួយចំនួនដែលមានខ្មែរឥស្លាមច្រើន ត្រូវបានតែងតាំងអភិបាលរងខេត្ត ក្រុង ស្រុងបន្ថែមជាអាទិភាព។
លោក សុខ លូ ក៏បានបានណែនាំ និងធ្វើការពង្រឹងជំរុញដល់មន្រ្តីរាជការក្នុងខេត្តខិតខំធ្វើការងារទៅតាមជំនាញរបស់ខ្លួន ទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ សាលាខេត្ត និងមន្រ្តីនៅតាមមន្ទីរ អង្គភាព នានាជុំវិញខេត្តត្រូវធ្វើបន្តទៀតរហូតឱ្យបានសម្រេចដែរ។
លោកអភិបាលខេត្តបានរំឮក ពីការងារអនាម័យបរិស្ថាន ពិសេសនាំគ្នាចូលរួមសម្អាត អនាម័យ សំរាមជាប្រចាំនៅគ្រប់ទីកន្លែង ដែលរដ្ឋបាលខេត្តបាននឹងកំពុងធ្វើការងារនេះ ក៏ត្រូវដោះស្រាយធ្វើជាបន្ទាន់ ហើយត្រូវរកធុងសំរាមធំៗ ដាក់តាមគោលដៅទុកឱ្យប្រជាពលរដ្ឋណាដែលគាត់រស់នៅផ្ទះជាន់លើព្រោះពួកគាត់គ្មានកន្លែងចោលសម្រាមទេ។ ក្នុងនោះក៏មានបញ្ហាសំណង់អាណាធិបតេយ្យ ត្រូវរកវិធីដោះស្រាយឱ្យបានគឺបិទមិនឱ្យកើតមានឡើង បន្តទៀតបានឡើយ ព្រមទាំងទប់ស្កាត់អាជីវករលក់ដូរមុខផ្ទះ ខ្លួនហើយឆ្លៀតយកមកតម្រៀបចេញតាមផ្លូវដើរធ្វើឱ្យស្ទះដើរមិនកើត និងលក់ដូរចល័តតាមដងផ្លូវអនាធិបតេយ្យដែលធ្វើខូចសោភ័ណភាពទីក្រុង។
បន្ថែមពីនេះលោក សុខ លូ បានបញ្ជាក់ថា ចំណែកសំណង់បុរាណជាផ្ទះល្វែងនៅចំណុចអភិរក្សក្នុងក្រុង ក៏ត្រូវកែលម្អ ដោយកាត់សំយ៉ាបមុខផ្ទះចេញ និងកែលម្អធ្វើឡើងវិញទៅតាមរចនាបទដើម និងលាបពណ៌ថ្នាំផ្ទះ គ្រប់ផ្ទះឱ្យបានដូចៗគ្នា មើលទៅស្អាតឱ្យសមជាផ្ទះបុរាណតំបន់អភិរក្សពិតប្រាកដ៕