(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអះអាងឲ្យដឹងថា វិស័យយោធាបានដើរតួនាទីសំខាន់ដែលបានជួយគ្នាទៅវិញទៅមក ទាក់ទងទៅនឹងបញ្ហាគ្រោះមហន្ដរាយ ដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃជាដើម ដែលត្រូវជួយប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន និង ព្រប្រទល់នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការជួយគ្នា មិនមែនជាការឈ្លានពាន។ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យវិស័យយោធានៃប្រទេសទាំងពីរនូវកិច្ចសហប្រតិបត្ដិ សាមគ្គីភាព ចូលរួមការអភិវឌ្ឍន៍ ជាមួយគ្នាលើវិស័យនេះ ដើម្បីឲ្យមានការរីកចំរើនបន្ដទៀត។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅអំឡុងពេលដែលសម្តេចតេជោ ជួបពិភាក្សាការងារជាមួយ លោក ហ្គោ សូនលិច (Ngo Xuan Lich) រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅវិមានសន្ដិភាព។
ក្នុងជំនួបនោះ រដ្ឋមន្រ្ដីក្រសួងការពារជាតិវៀតណាម បានបញ្ជាក់ថា លោកនឹងបន្ដកិច្ចសហប្រតិបត្ដិទៅលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ដែល មានស្រប នឹងផ្ដោតអាទិភាពលើបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យយោធា។ លោក ហ្គោ សូនលិច បានបញ្ជាក់បន្ថែម អ្វីដែលសំខាន់នោះ ប្រទេសទាំងពីរនូវរក្សាស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ព្រមទាំងថែរក្សាស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសកងកម្លាំងប្រដាប់អាវុធ។
ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិវៀតណាម មកកាន់ប្រទេសកម្ពុជា ហើយសម្ដេចតេជោ បានលើកឡើងថា ការថែរក្សាសន្ដិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្ដិរវាងប្រទេសពីរ គឺត្រូវបន្ដធ្វើតទៅទៀត ។ សម្ដេចតេជោបានបញ្ជាក់ថា បើទោះបីជាមានការ ផ្លាស់ប្ដូររដ្ឋមន្រ្ដីការពារជាតិវៀតណាម យ៉ាងណាក៏ដោយ តែកិច្ចសហប្រតិបត្ដិការ និងការងារនៅរក្សាដដែល។។
សម្ដេចតេជោហ៊ុន សែន បានសម្ដែងនូវការសាទរចំពោះ លោក ងូ សូនលិច ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្ដីការពារជាតិវៀតណាមផងដែរ៕