(ស្វាយរៀង)៖ មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានចេញមកបំភ្លឺករណីកុមារីម្នាក់ត្រូវសត្វឱម៉ាល់ទិច៤០ទ្រនិច បណ្តាលឲ្យស្លាប់ មុនពេលបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ពោលក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបានខិតខំជួយសង្គ្រោះ ប៉ុន្តែដោយសារជាតិពិសបានចូលពេញសិរីរាង្គ ទើបបណ្តាលឲ្យស្លាប់តែម្តង។
តាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង សូមបំភ្លឺយ៉ាងដូច្នេះថា៖ «ចំពោះករណីមរណៈភាពកុមារីឈ្មោះ ភឿន ចាន់ថា ភេទស្រី អាយុ៧ឆ្នាំ អាស័យដ្ឋានភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោង១៧៖១១ នាទី ដោយមូលហេតុឱម៉ាល់ទិចប្រហែលលើសពី៤០ទ្រនិច នៅលើដៃទាំងសងខាង ជើងទាំងសង្ខាង នៅលើក្បាល និងដងខ្លួន ដែលតម្រូវឱ្យក្រុមគ្រូពេទ្យធ្វើការសង្រ្គោះបឋម»។
សេចក្តីបំភ្លឺដដែល បានបញ្ជាក់ថា នៅវេលាម៉ោង១៧៖៤០នាទី ក្រុមគ្រូពេទ្យបានធ្វើការវាយតម្លៃពីស្ថានភាពអ្នកជំងឺឡើងវិញដោយពិនិត្យឃើញថា ជាតិពុលរបស់សត្វទិចបានពុលទៅលើសរីរាង្គសំខាន់ៗ គ្រប់ទីកន្លែងដូចជា៖ តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ប៉ុន្ដែ ក្រុមគ្រូពេទ្យនៅតែបន្តការព្យាបាលដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសពពុំអាចធ្វើការបញ្ជូនបានទេ ព្រោះអាចបណ្ដាលឱអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ។ ក្រោយពីការសង្រ្គោះអស់រយៈពេលជាង២ម៉ោង ស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ។
នៅវេលាម៉ោង២០៖១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តធ្វើការបញ្ជូន អ្នកជំងឺតាមរថយន្ដសង្រ្គោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទាំងស្ថានភាពនៅតែធ្ងន់ធ្ងរដែលបានទៅដល់មន្ទីរពេទ្យ នៅវេលាម៉ោង២២៖១៥នាទី។ សាកសពកុមារីត្រូវបានរថយន្តសង្គ្រោះដឹកជូនដល់លំនៅដ្ឋានដោយពុំគិតថ្លៃសេវាដឹកជញ្ជូន រីឯថ្លៃសេវាដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ក៏បានប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជាការចូលរួមរំលែកទុក្ខផងដែរ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមសម្តែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព កុមារី ភឿន ចាន់ថា ដោយក្តីក្រៀមក្រំក្រៃលែង៕