(ខេត្តបន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទូទាំងខេត្ត ដើម្បីត្រៀមជួយសម្ភារ ឧបករណ៍ផ្សេងៗ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ជាពិសេសសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។
ការដាក់ចេញផែនការបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។ ក្នុងកិច្ចប្រជុំ លោកបានក្រើនរំឮកឱ្យត្រៀមបង្ការគ្រោះទឹកជំនន់ ការងារជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ វឌ្ឍនភាព ការគ្រប់គ្រងដីតំបន់បីនៃតំបន់បឹងទន្លេសាប និងការវាស់វែងដីជូនប្រជាពលរដ្ឋអាស្រ័យផល និងការងារដោះស្រាយទំនាស់ដីធ្លី និងការកាត់ឆ្វៀលដី។
លោក អ៊ុ រាត្រី បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខេត្តបន្ទាយមានជ័យ យើងសង្កេតឃើញមានតំបន់មួយចំនួនកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ធ្វើឱ្យដំណាំស្រូវរបស់បងប្អូន ប្រជាកសិករយើងមួយចំនួនកំពុងប្រឈមនូវការលិចលង់ ដូចនេះតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ ចូលរួមសហការ ជួយច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋដែលជាកាតព្វកិច្ច របស់យើងទាំងអស់គ្នាត្រូវធ្វើ និងជួយសង្គ្រោះ»។
លោកអភិបាលខេត្ត បានបន្តថា តាមស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយ តែអ្វីសំខាន់ គឺយើងដែលជាអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺត្រូវត្រៀម បម្រុងនូវកម្លាំង សម្ភារៈ និងមធ្យោបាយ ពេលទឹកជំនន់ ដើម្បីជួយចុះច្រូតស្រូវប្រជាពលរដ្ឋពេលទឹកជំនន់លិចលង់ អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរធនធានទឹកធ្វើការបើកមុខទឹក និងមន្ទីរសុខាភិបាលខេត្តត្រៀម បង្ការបញ្ហាផ្សេងៗ ដូចជា៖ ថ្នាំបង្ការពេលប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព មន្ទីរសុខាភិបាល និងមន្ទីរអប់រំ យុវជន និងកីឡា បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សឱ្យបានគ្រប់ដូស ព្រោះថាជំងឺឆ្លងកូវីដ១៩ នៅមិនទាន់ផុតរលត់ឆ្ងាយពីយើងនៅឡើយ។
លោក អ៊ុ រាត្រី ក៏បានសង្កត់ធ្ងន់ «ទៅលើមន្ទីរអង្គភាពមួយចំនួននៅតែបំពេញការងារស្នូលរបស់ខ្លួននៅលំៗ អែលៗ ពុំបានល្អ មានការយឺតយ៉ាវ មិនយកចិត្តទុកដាក់បើនិយាយឱ្យខ្លីទៅគឺ កន្ទេលធំសម្ងំដេក គឺដេកលក់តែម្ដង»។
ក្នុងកិច្ចប្រជុំនោះ លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា បញ្ហាតម្លៃស្រូវបង្កើនរដូវរបស់ប្រជាកសិករនៅស្រុកមង្គលបូរី ពីដើមខែនៃការប្រមូលផលឃើញថាតម្លៃស្រូវបានថ្លៃគួរសម អាចទូទាត់លើថ្លៃជី ថ្លៃប្រេងភ្ជួររាស់ ដែលអាចមានតុល្យភាព និងគ្នាទទួលយកបាន។ តែបច្ចុប្បន្ននេះតម្លៃស្រូវមានការថយចុះ ព្រោះថាការទិញលក់ គឺសម្រេចទៅលើមាត់ឈ្មួញអ្នកឱ្យតម្លៃតែប៉ុណ្ណោះ៕