(ក្រចេះ)៖ អភិបាលរងខេត្តក្រចេះចំនួន៥រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រហាម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។
អភិបាលរងខេត្តក្រចេះទាំង៥រូប រួមមាន៖
*ទី១៖ លោក ហង្ស ចានឌី ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៥ អតីតអភិបាលស្រុកព្រែកប្រសព
*ទី២៖ លោក ហេង សុថា ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ១អតីត្តអភិបាលស្រុកឆ្លូង
*ទី៣៖ លោក សួស សេរី សួរស្ដី ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ១
*ទី៤៖ លោក សុខ ព្រីហាណោះ ឋានន្តរស័ក្កិគ្រូបង្រៀន កម្រិតឧត្ដមដើមខ្សែ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូ បង្រៀនកម្រិតឧត្ដម ក្រសួងអប់រំ យុវជន និងកីឡា
*ទី៥៖ លោក ដួង ពៅ ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៣ អតីត្តអភិបាលរងខេត្តស្ទេងត្រែង។
ក្នុងឱកាសនោះ លោក វ៉ា ថន បានអានរបាយការណ៍ដល់រដ្ឋលេខាធិការក្រសួងមាហាផ្ទៃស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តខំប្រឹងកសាង និងអភិវឌ្ឍសម្រេចបានលទ្ធផលនាពេលកន្លងមក។
លោក អ៊ុត សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកក៏បានណែនាំផ្តាំផ្ញើដល់គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។
លោករដ្ឋលេខាធិការ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរខេត្ត ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ១៩ ដោយចុះអប់រំផ្សព្វផ្សាយ អំពីវិធានាការនានា របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ដើម្បីឱប្រជាពលរដ្ឋចូលរួមយកចិត្តទុកដាក់ អនុវត្តវិធានការឱ្យបានតឹងរឹង ដោយទប់ស្ការការឆ្លងរីករាលដាលបន្តទៀត៕