(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំអភិបាលស្រុកព្រៃឈរ ដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវចេះរួមសាមគ្គីគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែម និងនាំមកនូវការរីកចម្រើនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រកាសលោក ខេង ម៉េងឈុន មកពីអភិបាលរងស្រុកកងមាស ចូលកាន់តំណែងជាអភិបាលស្រុកព្រៃឈរ ជំនួសលោក ឡោ ចាន់លី ដែលត្រូវចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបន្តថា អភិបាលស្រុកព្រៃឈរ ទើបចូលកាន់តំណែង ត្រូវខិតខំរួមសាមគ្គីគ្នា ធ្វើការដែលមានក្រុមប្រឹក្សា គណៈអភិបាលស្រុក ត្រូវធ្វើការដោយមានការឯកភាពគ្នា ហើយចេះសម្រេចចិត្តប្រកាន់លើគោលការណ៍សមូហភាព។ ប្រសិនបើមានបញ្ហាប្រឈមត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំ គណៈអភិបាល ឬសុំយោបល់ទៅក្រុមប្រឹក្សាស្រុក។
ទន្ទឹមនឹងនេះ ត្រូវគិតគូរអំពីបញ្ហាអភិវឌ្ឍន៍មូលដ្ឋានក្នុងអាណត្តិរបស់ខ្លួន ពោលគឺចាំបាច់ត្រូវធ្វើអ្វីមួយដែលជាស្នាដៃរបស់ខ្លួន។ ត្រូវខិតខំពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយអនុវត្តឱ្យបាននៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត៕