(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា គ.ជ.ប នៅមិនទាន់ប្រកាសកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាផ្លូវការនៅឡើយទេ ដោយរង់ចាំការបញ្ជូនជំនួយពីសហគមអឺរ៉ុប មកកម្ពុជាសិន។ ជំនួយសម្ភារសម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតពីសហគមអឺរ៉ុប ដែលគ្រោងនឹងបញ្ចូនមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ក្រោយពេលដែល គ.ជ.ប បានរៀបចំកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំពី លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។
លោក ហង្ស ពុទ្ធា បានប្រាប់ឲ្យដឹងថា « គ.ជ.ប នៅមិនទាន់ប្រកាសកាលកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាលាយលក្ខណ៍អក្សរនៅឡើយទេ ពីព្រោះត្រូវរង់ចាំជំនួយសម្ភារសម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតពីសហគមអឺរ៉ុប ដែលគ្រោងនឹងបញ្ចូន មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដាសិន ទើប គ.ជ.ប ហ៊ានប្រកាស។ តាមគម្រោង គ.ជ.ប កំណត់ថា កាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ»។
លោក ហង្ស ពុទ្ធា បានបន្តថា ការមិនទាន់ប្រកាសកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលនេះ គឺជាក្តីបារម្ភដ៏ធំរបស់ គ.ជ.ប ហើយបញ្ហានេះកំពុងស្ថិតនៅក្នុងការជជែកពិភាក្សា ដោយមិនទាន់មានការឯកភាពបែបណានៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន និងសហគមអឺរ៉ុប គឺជាម្ចាស់ជំនួយដ៏ធំដែលផ្តល់ឲ្យ គ.ជ.ប នូវសម្ភារប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ។ ចំពោះជំនួយរបស់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារសហរដ្ឋអាមេរិក គឺបានផ្តល់ជូនមកឲ្យកម្ពុជារួចរាល់ហើយ នៅឡើយតែសហគមអឺរ៉ុប ដែលផ្តល់ជំនួយមកកម្ពុជាក្នុងទំហំទឹកប្រាក់ ៦.៧លានដុល្លារសហរដ្ឋអាមេរិក នៅមិនទាន់ផ្តល់ជំនួយមកកម្ពុជានៅឡើយនោះ៕