(ភ្នំពេញ)៖ ក្រៅតែពីភាសាខ្មែរដែលជាភាសាកំណើតរបស់ខ្លួនហើយនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាចប្រើប្រាស់ភាសាបរទេសចំនួន៥ភាសាផ្សេងទៀត។ ភាសាទាំងនោះរួមមាន៖ អង់គ្លេស, បារាំង, រុស្សី, ចិន និងថៃ។ ដោយសារតែចេះភាសាថៃ លោករដ្ឋមន្ត្រីអប់រំ ក៏មានសមត្ថភាពសន្ទនាភាសាឡាវផងដែរ។
អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានអន្តរជាតិទីក្រុងមូស្គូ ប្រទេសរុស្ស៉ីរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ចអន្តរជាតិ លោកត្រូវរៀនភាសារុស្ស៉ី ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅតែពីភាសាដែលតម្រូវនៅក្នុងជំនាញរបស់លោកហើយនោះ លោកក៏រៀនភាសាចិន និងថៃ រហូតអាចប្រើប្រាស់បាន។
ដោយយោងតាមការស្រាវជ្រាវ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ការចេះភាសាច្រើនធ្វើឱ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។
បើទោះបីចេះច្រើនភាសាមានអំណោយផលល្អដូចការរៀបរាប់ខាងលើយ៉ាងណាក្តី តែលោករដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យកូនខ្មែរទាំងអស់ត្រូវសិក្សាឱ្យបានច្បាស់ពីអក្សរសាស្ត្រខ្មែរ បន្ទាប់មកចាំចាប់ផ្តើមសិក្សាភាសាបរទេសដទៃទៀត។ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់កូនខ្មែរឱ្យរៀនប្រវត្តិសាស្ត្ររបស់កម្ពុជាឱ្យបានច្បាស់ បន្ទាប់មកក៏គួរសិក្សាពីបណ្តាប្រទេសនៅតំបន់អាស៊ានផងដែរ៕