(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីស្តីពីភាពជាអ្នកដឹកនាំ៖ ជវភាព ភាពរស់រវើក តុល្យភាព ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងបង្កើនសមត្ថភាព ក៏ដូចជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតពាក់ព័ន្ធភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ ន.ប.ធ. និង ន.ម.ក. សរុបប្រមាណ១៥០នាក់។
សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិកាដ្ឋានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និង លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ដែលបានធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង ភាពជាអ្នកដឹកនាំសម្រាប់ស្ថាប័ន និងបទពិសោធន៍អនុវត្តន៍ភាពជាអ្នកដឹកនាំពីប្រទេសសិង្ហបុរី៕