(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅម៉ោង៨៖០០ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី។
វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល២ថ្ងៃ នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០១៦។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅថ្មីៗនេះ។
ក្រសួងបានអះអាងថា បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រតិភូជាន់ខ្ពស់កម្ពុជា នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តីនៃម៉ាឡេស៊ី ដើម្បីបង្កើនចំណងដ៏ស៊ីជម្រោង របស់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាឡេស៊ី នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងការសាធារណការ រួមទាំង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មួយចំនួនទៀត។
វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និង សង្គមស៊ីវិល ទៅលើវិធីនៃការជម្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមនៅក្នុងតំបន់ ជាពិសេសគឺរបៀបនៃការទាញយកប្រយោជន៍សម្រាប់សហគមន៍អាស៊ាន។
ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ ចំនួន២ នៅអំឡុងទស្សនកិច្ចនេះ ក្នុងនោះមាន៖
១. MOU ទៅលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ
២. MOU ទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិ នៃ MYCORPS ក្នុងប្រទេសកម្ពុជា៕