Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌ៧មករា ជំរុញការផ្តល់សេវាសាធារណៈ ឲ្យល្អដល់ពលរដ្ឋ

23-08-2022 21:40

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ៍ ទី២៣ ខែសីហា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានត្រួតពិនិត្យការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងបានណែនាំឲ្យជួយពន្លឿនការផ្ដល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ខណៈនោះដែរ លោក ថេង សុថុល បានសំណេះសំណាលជាមន្ត្រី តាមការិយាល័យនីមួយៗ ត្រូវបន្តគោរពពេលម៉ោងបំពេញការងារ ដើម្បីផ្ដល់សេវាដាធារណៈជូនដល់ពលរដ្ឋ ដែលមករកសេវានៅច្រកចេញតែមួយ ឲ្យមានប្រសិទ្ធិភាពខ្ពស់ តាមតម្រូវការពួកគាត់ ដោយពាក្យសំដីទន់ភ្លន់ កាយវិការសមរម្យ មានសុជីវធម៌ ចំពោះប្រជាពលរដ្ឋ និងទទួលបានការគោរពពីពួកគាត់ និងទទួលយកបានទាំងអស់គ្នា។

ជាមួយគ្នានោះ លោក ថេង សុថុល ក៏បានថ្លែងកោតសរសើរ ដល់មន្ត្រីក្នុងការបំពេញការងារតាមផ្នែកនីមួយៗ នៃរដ្ឋបាលខណ្ឌ ក្នុងការបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ដោយក្តីរួសរាយរាក់ទាក់ ស័ក្តិសម្យជាមន្ត្រីបម្រើរាស្ត្រ។

ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព លុបបំបាត់អំពើពុករលួយ ឬការបង់ថវិកាខុសពីច្បាប់កំណត់ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលពិបាកក្នុងការសុំច្បាប់ ដែលកន្លងទៅ មានលក្ខណៈស្មុគ្រស្មាញ ត្រូវសុំនៅច្រើនកន្លែង ចំណាយពេលវេលា និងថវិកាជាច្រើន ៕