(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៩ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ២៤៥នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ចំពោះកុមារ និងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស ដែលបានយកអស់កម្លាំងកាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយបេះដូងមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។
ជាមួយគ្នានេះ លោកស្រីថ្លែងថា «កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែធ្វើសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពរបស់ខ្លួន មិនត្រឹមតែការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារងាយរងគ្រោះនៅតាមមណ្ឌល/អង្គការប៉ុណ្ណោះទេ»។
លោកស្រីបានគូសបញ្ជាក់ថា «បន្ទាប់ពីទទួលបានថវិកាពីសប្បុរសជនក្នុងឱកាសនៃទិវា ៨ ឧសភា ជារៀងរាល់ឆ្នាំ, កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមកដល់ឆ្នាំ២០២២នេះ បានចំនួន ១១លើករួចមកហើយ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក និងថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៩រៀងមក ដើម្បីរួមចំណែកក្នុងការព្យាបាល និងថែទាំសុខភាពកុមារ-ទារក រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
បន្ថែមពីនេះ ក្នុងពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ២លានដុល្លារ ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ ផងដែរ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បានត្រៀមលក្ខណៈ ក្នុងការចូលរួមត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ ជាដើម។ល។
ជាកិច្ចឆ្លើយតប លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានថ្លែងថា «ក្នុមនាមកុមារកំព្រា កុមារពិការ និងមន្ដ្រីរាជការទាំងអស់ នៃបុរីទារក និងកុមារជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាសេចក្ដីសោមនស្សរីករាយបំផុតក្រៃលែង ចំពោះវត្ដមានរបស់ថ្នាក់ដឹកនាំ ដែលចំណាយពេលវេលាដ៏មានតម្លៃ និងមមារញឹក អញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់កុមារកំព្រា ពិការ និងមន្ដ្រី ដែលបម្រើការងារក្នុងបុរីទារក និងកុមារជាតិថ្ងៃនេះ ទោះបីជាក្នុងបរិបទកូវីដ១៩ក៏ដោយ តាមរយៈលោកស្រីម៉ែននារីសោភ័គ។ លោកស្រីបន្ដថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែពុំភ្លេចកូនចៅដែលកំពុងរស់នៅទីនេះ មនោសញ្ចេតនាប្រកបដោយព្រហ្មវិហារធម៌ ភាពកក់ក្ដៅ ក្ដៅស្រលាញ់ និងការលើកទឹកចិត្ដ ជាទឹកចិត្ដមនុស្សធម៌ដ៏វិសេសវិសាលថ្លៃថ្លាពីសំណាក់ សម្ដចកិត្ដិព្រឹទ្ធបណ្ឌិត មាតាមនុស្ស គឺពិតជាបានធ្វើឱ្យយើងពុំអាចភ្លេចគុណដ៏ខ្ពង់ខ្ពស់ និងចងចាំក្នុងចិត្ដរបស់យើងគ្រប់ៗគ្នា»។
ទន្ទឹងមនោះ លោកស្រីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើង។
ជាមួយគ្នានេះ អ្នកស្ម័គ្រចិត្តបរទេស ២រូប ក៏បានសម្តែងនូវចំណាប់អារម្មណ៍រំភើបសប្បាយរីករាយ និងក្តីស្រឡាញ់ពេញចិត្តចំពោះ ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែកមើលថែទាំកុមារនៅក្នុងមណ្ឌល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជាបន្តបន្ទាប់ដល់បុរីទារក និងកុមារជាតិនេះ។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា អំណោយផ្តល់ជូននាពេលនេះរួមមាន ៖អង្ករ ២តោន, មី ២០កេស, ត្រីខ ៣កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកស៊ីអ៊ីវ ៣០ដប, អំបិល ៥០គីឡូក្រាម, ជែល ២០កេស, ម៉ាស់ ១កេស, ឈុតខោអាវក្មេង ២កេស, ទឹកភេសជ្ជៈប៉ូការីស្វេត ១២កេស, ពោតស្រស់ ៣បាវ និងថវិកា ១០លានរៀល។ ដោយឡែក លោកគ្រូអ្នកគ្រូ ៨៣នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល និងកាបូប ១៕