(កំពង់ធំ)៖ អតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្ហាញនូវក្តីរីករាយជាពន់ពេក ក្រោយពេលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ផ្ទះ ដីសម្រាប់ការរស់នៅ និងបង្កបង្កើនផល ព្រមទាំងសាងសង់ផ្លូវសម្រួលការធ្វើដំណើរ។ អតីតយុទ្ធជន និងគ្រួសារ បានបង្ហាញការដឹងគុណ និងចងចាំជានិច្ចចំពោះគុណបំណាច់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ការបង្ហាញនូវទឹកចិត្តរីករាយ និងការគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ពីសំណាក់អតីតយុទ្ធជនទាំងនោះ បានធ្វើឡើងនៅចំពោះមុខនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរបស់អតីតយុទ្ធជន និងក្រុមគ្រួសារនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
អតីតយុទ្ធជនកម្ពុជា និងក្រុមគ្រួសារប្រមាណ ១៤១គ្រួសារ បានមករស់នៅលើដីសម្បទានសង្គមកិច្ចនេះ រយៈពេលជាងមួយឆ្នាំហើយ។ ការមករស់នៅទីនេះ អតីតយុទ្ធជន និងគ្រួសារទាំងអស់ ទទួលបានការជួយឧបត្ថម្ភសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តល់ដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនក្នុង១គ្រួសារ មួយហិតាកន្លះ ដើម្បីរស់នៅ និងប្រកបមុខរបររកទទួលទាន បង្កបង្កើនផលចិញ្ចឹមជីវិត។
បច្ចុប្បន្ននេះភូមិឋានរបស់អតីតយុទ្ធជន ត្រូវបានសម្តេចតេជោ សាងសង់ផ្លូវលំប្រវែង ១២គីឡូម៉ែត្រ មានអណ្តូងទឹកស្អាតប្រេីប្រាសស្ទើរគ្រប់ផ្ទះ និងបានកសាងប្រព័ន្ធប្រឡាយរំដោះទឹកជូនអតីតយុទ្ធជនបានរស់នៅល្អប្រសើរផងដែរ។
ជួសមុខឱ្យអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម ក៏គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានខិតខំដោះស្រាយគ្រប់បែបយ៉ាងសម្រួលជីវភាពរស់នៅរបស់អតីតយុទ្ធជន។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់មើលថែទាំពីសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជនបានជាប្រចាំ។
នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំអតីតយុទ្ធជនជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំថែរក្សាសុខភាព និងខិតខំយកចិត្តទុកដាក់លេីការងារបង្កបង្កើនផលដោះស្រាយជីវភាពលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូន និងត្រូវចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានគូសរំលេចផងដែរពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ ជាក់ស្តែងនៅពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដំឡើងប្រាក់របបសន្តិសុខសង្គមជូនដល់អតីតយុទ្ធជនថែមទៀត ដើម្បីឱ្យការរស់នៅបានកាន់តែប្រសើរ។ កាយវិការរបស់សម្តេចតេជោ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងតបស្នងសងគុណចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិកាលពីអតីតកាល។
ក្រុមគ្រួសារ អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលបានរស់នៅលើដីសម្បទានសង្គមកិច្ច បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានសាងសង់ផ្ទះជូនគាត់ និងបានផ្តល់ដីសម្បទានសង្គមកិច្ច សម្រាប់រស់នៅកសាងជីវភាពថ្មីបានសមរម្យ។
អតីតយុទ្ធជន និងក្រុមគ្រួសារ បានប្រកាសប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី លុះអវសានជីវិត៕