(ភ្នំពេញ)៖ សាលាឧទ្ធរណ៍កម្ពុជា បានសម្រេចតម្កល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ទៅជាសមាជិកក្រុមប្រឆាំង ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល។
ទន្ទឹមនឹងនេះ ក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គមដដែលនេះ សាលាឧទ្ធរណ៍ ក៏បានតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ កាត់ទោសសកម្មជន១០រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។ ដោយឡែកសម្រាប់ លោក ហុង លីម ហៅ ហុង មុយលីម វិញត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទប្រកាន់។
សាលដីកានេះ ប្រកាសដោយ ប្រធានក្រុមប្រឹក្សារជំនុំជម្រះសាលាឧទ្ធរណ៍ លោក ងួន រតនា កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។
សូមបញ្ជាក់ថា សកម្មជនអតីតគណបក្សប្រឆាំងដែលត្រូវបានតុលាការសម្រេចដាក់ទោសទាំងអស់នោះ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួន កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ លើកលែងតែអតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិចំនួន៣រូប ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយសកម្មជនដែលពាក់ព័ន្ធទាំងនេះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ។
ជនជាប់ចោទទាំងនេះមានការពាក់ព័ន្ធនឹងការរៀបចំបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន បាល់ជាប់ចោទពាក់ព័ន្ធនឹងករណីញុះញង់នៅព្រំដែន។
សាលដីកាបញ្ជាក់ថា អ្នកដែលត្រូវបានកាត់ទោសនិងកំពុងរស់នៅក្នុងប្រទេសកម្ពុជានឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេលពីរឆ្នាំទៀត ហើយតម្រូវឲ្យរាយការណ៍ទៅព្រះរាជអាជ្ញា ប្រសិនបើពួកគេផ្លាស់ប្តររអាស័យដ្ឋាន ការងារ ឬចង់ទៅក្រៅប្រទេស៕