(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក និងអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) បានបើកកិច្ចពិភាក្សាជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកំណត់បញ្ហានានាដែលកើតឡើងនៅតាមសហគមន៍អភិរក្សធនធានធម្មជាតិ ពិសេសបទល្មើសនេសាទ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងដើម្បីបន្តការរក្សាការពារធនធានធម្មជាតិក្នុងមូលដ្ឋាន។
កិច្ចពិភាក្សានេះរៀបចំដោយអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកតាំងគោក។
លោក ឈើយ ប៊ុនទ្រីម តំណាង API បានលើកឡើងថា អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) បាននិងកំពុងអនុវត្តគម្រោងសំឡេងនិងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយដាណឺម៉ាក (DCA) និងប្រេតដ៍ហ្វរដឺវើលយ៍ (BFDW) បានខិតខំប្រឹងប្រែងដើម្បីសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធិ និងលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេសកាន់តែមាននិរន្តរភាព។
លោកបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះមានគោលបំណងកំណត់បាននូវបញ្ហាផ្សេងៗដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន និងធ្វើផែនការដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។
ជាមួយគ្នានេះ តំណាងសហគមន៍នេសាទបានស្នើសុំគណៈបញ្ជាការឯកភាពស្រុកជួយចាប់ជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលតែងតែលួចឆក់ត្រីក្នុងដែនអភិរក្ស ហើយជនទាំងនោះគឺបានស្គាល់មុខសញ្ញាអស់ហើយ ព្រមទាំងស្នើសុំឧបករណ៍សម្រាប់ល្បាត និងកាមេរ៉ាផងដែរ។
លោកស្រី អ៉ឹម សុខវីន អភិបាលរងស្រុកតាំងគោក បានស្នើឱ្យសហគមន៍ធ្វើរបាយការណ៍ដាក់ជូនមករដ្ឋបាលស្រុកឱ្យបានជាក់លាក់ ដើម្បីរដ្ឋបាលស្រុកបន្តនីតិវិធីក្នុងការរកដំណោះស្រាយជូនសហគមន៍បន្តទៀត ពិសេសសូមឱ្យសហគមន៍ទំនាក់ទំនងជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍ ដើម្បីជួយពង្រឹងបន្ថែមដល់សហគមន៍របស់ពួកគាត់។
លោកស្រីក៏បានស្នើឱ្យរដ្ឋបាលឃុំ និងសហគមន៍បន្តការផ្សព្វផ្សាយអំពីតំបន់ការពារ និងតំបន់អភិរក្សទៅដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីអត្ថប្រយោជន៍នៃតំបន់អភិរក្សទាំងនោះ។
លោកស្រីអភិបាលស្រុកក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការ API ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក និងបន្តទៅមុខទៀត៕