(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាល ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រវ៉ៃកូជំហានទី២នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ស្តុកទឹកប្រើប្រាស់ និងស្រោចស្រពដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិចតា។ កន្លងមក ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់សហការជាមួយអនុគណៈកម្មការខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការសម្របសម្រួលទូទាត់សំណងផលប៉ះពាល់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានចំនួន៤៦៣គ្រួសាររួចហើយ។
ដោយឡែក មានប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃ មិនព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កឱ្យមានការរាំងស្ទះដល់ការអនុវត្តគម្រោង។
លោក ម៉ែន វិបុល បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវចុះណែនាំដល់ប្រជាពលរដ្ឋទាំង៤គ្រួសារ ឱ្យបានយល់ និងទទួលយកតាមការដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។ ជាមួយគ្នានេះ លោកបានដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីដោះស្រាយចំពោះប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មុនឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីក្រុមហ៊ុនអនុវត្តលើការងារសាងសង់តាមផែនការ និងធានាគុណភាព៕