(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាចែករំលែក នូវចំណេះដឹងដ៏មានសារៈសំខាន់មួយស្តីពី «ឱកាសក្លាយជាគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ NIE» ដើម្បីជាចំណេះដឹងចែកជូនដល់និស្សិត ដែលកំពុងសិក្សា និងមានបំណងចង់ចូលក្របខណ្ឌរដ្ឋ។
ពិធីបានធ្វើឡើងនៅអគារវិទ្យាសាសស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព លោក កៀន តាក់ សាកលវិទ្យាធិការរង និងជាប្រធានក្រុមការងារ យុជនស្ម័គ្រចិត្ត សភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានវាគ្មិន៖ លោកស្រី ប៊ុន សុផានី នាយការងវិទ្យាស្ថានជាតិអប់រំ, គរុនិស្សិត យ៉ាំង ឃាក, គរុនិស្សិត ទន់ ម៉ានា និងក្រោមការសម្របសម្រួលដោយលោក មឿន ចន្ទ្រា ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត និងជាប្រធានផ្នែកការងារសហគមន៍ និងរកការងារធ្វើ នៃយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លើកឡើងនាឱកាសនោះដែរលោក កៀន តាក់ បានឱ្យដឹងថា សិក្ខាសាលាមួយនេះពិតជាល្អប្រសើរណាស់សម្រាប់និស្សិតដែលកំពុងសិក្សា និងជាឱកាសដើម្បី ឈានចាប់នូវអ្វីដែលជាគោកដៅសម្រាប់ជីវិតមនុស្សម្នាក់ៗ។
ដើម្បីសម្រេចបានជោគជ័យសម្រាប់អនាគត់មនុស្សម្នាក់ៗ លោក កៀន តាក់ ក៏បានណែនាំឱ្យនិស្សិតទាំងអស់ ត្រូវធ្វើកិច្ចការណាដែលខ្លួនចង់ធ្វើ និងមានភាពស្មោះត្រង់ ធ្វើដោយមានការប្តេជ្ញាចិត្តខ្ពស់ និងយកភាពស្មោះត្រង់ជាដើមទុកមកធ្វើការ មិនកុហកខ្លួនឯង និងមិនកុហកអ្នកដទៃ ហើយយើងនឹងទទួលបានភាពជឿជាក់លើខ្លួនឯង និងអ្នកដ៏ទៃ នោះនិងធ្វើឱ្យយើងអាចសម្រេចនូវគោលដៅដែលចង់ធ្វើបាន។
បន្ថែមពីនេះលោកប្រធានក្រុមការងារយុជនស្ម័គ្រចិត្តសភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបន្ថែថា ថ្វីដ្បិតតែគោលដៅរបស់មនុស្សម្នាក់ៗ ក៏នឹងដូចគ្នា តែមុននឹងទៅ ដល់គោលដៅនោះ គឺយើងអាចសម្រេចគោលដៅតូចៗជាមុនសិន មុននឹងទៅដល់គោលដៅចុងក្រោយដែលយើងចង់បាន និងការងារផ្សេងៗដែលត្រូវបំពេញ រួមទាំងក្តីសុខ និងភាពរីករាយសម្រាប់ខ្លួនឯងផងដែរ។
លោក មឿន ចន្ទ្រា ក៏បានគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតែងតែគិតគូពីសុខទុក្ខនិស្សិត និងផ្តល់ឱកាសស្នើៗ គ្នាដល់និស្សិតគ្រប់ៗរូប ឱ្យបានចូលរួមសកម្មភាពវិធីផ្សេងៗផ្តល់ជាចំណេះដឹងជំនាញ ចំណេះដឹងទូទៅ និងជំនាញទន់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ នាពេលបច្ចុប្បន្ននិងអនាគត។
លោក មឿន ចន្រ្ទា បានអះអាងទៀតថា ក្រុមការងារ ស.ស.យ.ក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំសិក្ខាសាលាវគ្គបណ្តុះជាបន្តបន្ទាប់ ដើម្បីផ្តល់ជាធាតុចូល ជួយដល់ការរៀបចំផែនការអាជីព និងការរៀបចំខ្លួនរបស់និស្សិតក្នុងការចូលទៅក្នុងទីផ្សារការងារនាពេលខាងមុខទៀតផងដែរ។
ក្រុមនិស្សិតដែលបានចូលរួមក្នុងសិក្ខាសាលានេះក៏បានលើកឡើងដែរថា ពួកគេទទួលបានចំណេះដឹងជាច្រើនក្នុងសិក្ខាសាលានេះ ដោយវាគ្មិនបាន ចែករំលែកចំណេះដឹងជាច្រើន ក្នុងការរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ និងបានស្នើឱ្យសាកលវិទ្យាល័យបន្តរៀបចំ សិក្ខាសាលាបែបនេះបន្តទៀត ជាពិសេសសិក្ខាសាលា ដែលជួយនិស្សិតនេះផងដែរ៕