(បន្ទាយមានជ័យ)៖ លោក រៀម ច័ន្ទម្នី និងលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង តំណាងលោក នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍បាត់ដំបង ដោយមានការចូលរួមពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្ត។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង នាយការិយាល័យ ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យនគរបាលចរាចរណ៍ ការិយាល័យគ្រប់គ្រងជនបរទេស និងលោកអធិការ អធិការរងស្រុក-ក្រុងទាំង៩ ចូលរួមការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងផងដែរ។
លោក កើត សុវណ្ណារ៉េត បានលើកឡើងថា ការកកស្ទះសំណុំរឿងមួយចំនួន មិនមែនតែខេត្តបន្ទាយមានជ័យនោះទេ តែសម្រាប់ខេត្តដទៃទៀតក៏ដូចគ្នាដែរ ហើយបញ្ហាទាំងនេះបណ្តាលមកពីការខ្វះនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ដោយសារមន្ត្រីនគរបាលខ្លះមិនទាន់បានស្បថ និងមិនទាន់ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងស្បថជាភ្នាក់ងារនគរបាលយុត្តិធម៌ គ្មានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាម ឬសំណុំរឿងផ្សេងៗឡើយ។ មន្ត្រីដែលបានស្បថជានគរបាលយុត្តិធម៌ហើយមានចំនួនតិចតួច។
លោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង បានថ្លែងថា ការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង មានគោលបំណងដើម្បីពង្រឹងកិច្ចការងារ អនុវត្តច្បាប់ឲ្យមានប្រសិទ្ធ ភាព ផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ពន្ធនាគារខេត្ត នគរបាលយុត្តិធម៌ខេត្ត និងអយ្យការអមសាលាដំបូងខេត្ត រួមមានខ្លឹមសារដូចខាងក្រោម៖
*ការចោទប្រកាន់ឲ្យច្បាស់លាស់
*ការផ្តន្ទាទោសឲ្យបានត្រឹមត្រូវ
*ការចុះបណ្តឹងឧទ្ធរណ៍ ការដាក់សារណាទាន់ពេល រាល់បណ្តឹងតំណាងអយ្យការ
*ការបញ្ជូនជនជាប់ឃុំទៅជំនុំជម្រះ ចៀសវាងការលើកសវនាការ
*ពិនិត្យចំណាត់ការសំណុំរឿងតំណាងអយ្យការ
*តំណាងអយ្យការអមសាលាដំបូងខេត្ត បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគបាលយុត្តិធម៌ប្រជុំជាប្រចាំ
*នីតិវធីដើម្បីទទួលសម្បទាជាមន្រ្តីនគបាលយុត្តិធម៌ស្របតាមច្បាប់ និងការអនុវត្ត
*រាល់បណ្តឹងឧទ្ធណ៍របស់តំណាងអយ្យការ ត្រូវដាក់សារណាឱ្យបានលឿន
*សូមការបញ្ជូនដីកាសម្រេច សាលក្រម ព្រហ្មទណ្ឌមកមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង
*សូមផ្តល់របាយការណ៍ចំណាត់ការផ្សេងៗរបស់អយ្យការឱ្យបានជាប្រចាំខែ
*សូមផ្តល់បញ្ជីរាយនាមជនជាប់ឃុំដែលជាប់បណ្តឹងឧទ្ធរណ៍ឱ្យបានជាប្រចាំខែ
*ដោះស្រាយការខ្វះសាលក្រម សាលដីការបស់ជនជាប់ឃុំ និងការអនុវត្តដីកា
*ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ️ដែលជួបប្រទះកន្លងមក៕