(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវិធី «បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS» ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៥, រដ្ឋបាលក្រុងចំនួន ២៨, រដ្ឋបាលស្រុកចំនួន ២ និង រដ្ឋបាលខណ្ឌចំនួន១៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី មកពីគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៥ (រាជបណ្ឌិត្យសភាកម្ពុជា, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», មន្ទីរពេទ្យព្រះអង្គឌួង, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា និង គ្រឹះស្ថានអង្គរ), រដ្ឋបាលក្រុងចំនួន២៨ នៅទូទាំងប្រទេស, រដ្ឋបាលស្រុកចំនួន២ នៃខេត្តកណ្តាល (ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល) និងរដ្ឋបាលខណ្ឌចំនួន១៤ នៅក្នុងរាជធានីភ្នំពេញ។
ក្នុងកម្មវិធីនេះ បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសរំលេចអំពីផលប្រយោជន៍របស់ប្រព័ន្ធ FMIS សម្រាប់ប្រទេសកម្ពុជា ជារួម និងផ្តល់ផលប្រយោជន៍ជាច្រើនដោយឡែក សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ ។ អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
១៖ ផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានអនុវត្តថវិកាបានរហ័ស និងច្រើនទម្រង់ ទាំងសង្ខេប និងលម្អិត, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ទាំងកម្រិតក្រសួង-ស្ថាប័ន និងកម្រិតអង្គភាពថវិកា, ទាំងតាមវិស័យ និងតាមមាតិកាថវិកា ដែលផ្ដល់នូវមូលដ្ឋានច្បាស់លាស់ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគ ឈានដល់ការធ្វើសេចក្តីសម្រេចចិត្តបានទាន់ពេលវេលាប្រកបដោយទំនុកចិត្ត។
២៖ ពង្រឹងបាននូវគណនេយ្យភាព តម្លាភាព និងភាពជាម្ចាស់នៃការអនុវត្តថវិកា តាមរយៈប្រតិបត្តិការ និង រំហូរការងារនៅក្នុងប្រព័ន្ធ ចាប់ពីការបង្កើតរហូតដល់បញ្ចប់ប្រតិបត្តិការនីមួយៗ ដែលមានការកត់ត្រា និងតាមដានច្បាស់លាស់ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវតាមគន្លងសវនកម្ម និងកាត់បន្ថយបាននូវវប្បធម៌នៃការចោទប្រកាន់គ្នា ឬ ចង្អុលដាក់គ្នា។
៣៖ ផ្តល់ជាថ្នាលឌីជីថលមួយក្នុងការតម្រង់ទិសការងារតាមបែបឌីជីថល ដែលនឹងកាត់បន្ថយការប្រើប្រាស់ឯកសារជាក្រដាស និងកាត់បន្ថយជំហាន និងភាពរវល់នៅក្នុងការងារស្ទួនគ្នា ដែលនឹងបង្កើនបាននូវផលិតភាពការងារបន្ថែមមួយចំនួនទៀតដល់ស្ថាប័ន ព្រមទាំងបានចូលរួមក្នុងការផ្លាស់ប្តូរមួយដែលមានឧត្តមប្រយោជន៍សម្រាប់ប្រទេស។
៤៖ ផ្ដល់ការត្រួតពិនិត្យឥណទានថវិកាដោយស្វ័យប្រវត្តិ ទៅតាមចំណាត់់ថ្នាក់ថវិកា និងបានកាត់បន្ថយនូវកម្រិតស្មុគស្មាញនៃការគណនា ឬកត់ត្រាផ្សេងៗ ដូចជាការអនុវត្តថវិកា ដែលមានច្រើនថ្នាក់, ការអនុវត្តថវិកាកម្មវិធី និងការពង្រីកអង្គភាពថវិកា ជាដើម និងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ និងប្រតិបត្តិការមកវិញ។
៥៖ ផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តី, ពីព្រោះការចូលរួមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺតម្រូវឲ្យមានការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធជានិច្ច, ក្នុងនោះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងមានរៀបចំជាវគ្គបណ្តុះបណ្តាល សម្រាប់ការដាក់ឲ្យប្រើប្រាស់នាដំណាក់កាលដំបូង ព្រមទាំងមានជាវគ្គបំប៉នជាបន្តបន្ទាប់។
បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីគម្រោង FMIS បានឆ្លងកាត់ដោយជោគជ័យ ២ ជំហានរួចមក រហូតមកដល់ពេលនេះ គម្រោង FMIS បាន និងកំពុងអនុវត្តជំហានទី ៣ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី៣នេះ, ប្រព័ន្ធ FMIS បានដាក់ឲ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ១៥៨ ការដ្ឋាន និងមានអ្នកប្រើប្រាស់ប្រព័ន្ធចំនួន ២១៨៩ នាក់, ក្នុងនោះមាន អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័ន ចំនួន ៣៧, អគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ៨, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញ ថ្នាក់កណ្តាលចំនួន ២៤, រតនាគាររាជធានី-ខេត្ត ទាំង ២៥, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥៕