(ភ្នំពេញ)៖ គម្រោងសណ្ឋាគារដ៏ប្រណីតដំបូងគេនៅកម្ពុជា ឈ្មោះថា Ding Li Sunshine City មានកម្ពស់ប្រមាណ ៣៧ជាន់ ត្រូវបានបង្ហាញជាផ្លូវការនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រោមទុនវិនិយោគ ១៤៥លានដុល្លារអាមេរិក។
សណ្ឋាគារ ដ៏ប្រណីតនេះ សាងសង់ឡើងដោយក្រុមហ៊ុន Ding Li Industrial Co., Ltd របស់ចិន ស្ថិតនៅលើដីអតីតមន្ទីរសាធារណការ រាជធានីភ្នំពេញ ពោលគឺនៅទល់មុខដីបុរីកីឡា តាមបណ្តោយផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សណ្ឋាគារនេះ សាងសង់លើផ្ទៃដីប្រមាណ ១,៤៥១ម៉ែត្រការ៉េ។
តំណាងក្រុមហ៊ុន បានឲ្យដឹងផងដែរថា Ding Li Sunshine City ត្រូវបានអភិវឌ្ឍន៍ ដើម្បីបង្កើតឱកាសវិនិយោគថ្មីមួយ ដែលល្អឥតខ្ចោះសម្រាប់អ្នកវិនិយោគទុននៅកម្ពុជា។ វា គឺជាគម្រោងអភិវឌ្ឍន៍ ដែលនឹងក្លាយទៅជាកាវិនិយោគសណ្ឋាគារទី១ ក្នុងប្រទេសកម្ពុជា ជាមួយការរួមបញ្ចូលទាំងកន្លែងលក់ ការិយាល័យជួល ភោជនីយដ្ឋាន និង សេវាកម្មសណ្ឋាគារ។ អ្នកអភិវឌ្ឍន៍គម្រោង នឹងចូលរួមពិភាក្សាជាមួយថ្នាក់គ្រប់គ្រងសណ្ឋាគារតៃវ៉ាន់ ដើម្បីមកធ្វើការគ្រប់គ្រងផ្តាច់មុខ នៃគម្រោង។
តំណាងក្រុមហ៊ុន បានបន្តថា Ding Li Sunshine City ជាគម្រោងអភិវឌ្ឍន៍មួយ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ដទៃទៀត ក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនូវកន្លែងចតរថយន្តក្រោមដីចំនួនបួនជាន់។ ការសាងសង់កន្លែងចតរថយន្ត ក្រោមដីបានចាប់ផ្ដើមនៅក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ហើយនឹងរួចជាស្ថាពរនៅថ្ងៃទី៣០ ខែមថុនា ឆ្នាំ២០១៦។ Ding Li Sunshine City ក៏បានរំពឹងថា ការសាងសង់ ដែលមានចំនួន ៣៧ជាន់ជាមួយនឹងដំបូលខាងលើអគារនឹងរួចរាល់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
អគារដែលមានកំពស់ ៣៧ជាន់មួយនេះ មានសេវាកម្មសណ្ឋាគារចាប់ពីន់ទី១ រហូតដល់ជាន់ទី៣ ជាមួយនឹងភោជនីយដ្ឋាន និង ហាងកាហ្វេ ដ៏ប្រណីត។ សម្រាប់ជាន់ទី៤ និងជាន់ទី៥ ជាមជ្ឈមណ្ឌលអប់រំ ដូចជាសាលាមត្តេយ្យ បន្ទប់កម្សាន្ដ ដែលនឹងជួយសម្រួលពីក្ដីបារម្ភ នៃការធ្វើការរបស់មនុស្សធំ។ សម្រាប់ពីជាន់ទី៦ ទៅជាន់ទី១៩ សម្រាប់ការិយាល័យជួល ហើយនៅជាន់ទី២០ គឺ Lobby សណ្ឋាគារ ជាមួយនឹងជាន់ទី២១ ដល់ជាន់ទី៣៥ ជាបន្ទប់សណ្ឋាគារ និងសម្រាប់ជាន់ទី៣៦ ដល់ជាន់ទី៣៧ មានភោជនីយដ្ឋានដ៏ល្អប្រណីតសម្រាប់ការបរិ ភោគអាហារ ដ៏អស្ចារ្យអមជាមួយទេសភាពនៅក្នុងរាជធានីភ្នំពេញ។
លក្ខណៈពិសេសមួយក្នុងចំណោមចំនុចពិសេសទាំងអស់នៃ Ding Li Sunshine City គឺ “Smart Energy System”។ “Smart Energy System” ជាការប្រើប្រព័ន្ធមួយដែលឈានមុខគេនៅលើពីភពលោក ដោយប្រើបច្ចេកវិទ្យាខ្ពស់មួយ សម្រាប់ការផ្លាស់ប្ដូរដំណើរនៃចរន្ដអគ្គីសនី ដែលនឹងអាចសន្សំសំចៃភ្លើងរហូត៤០% និងការពារការប៉ះពាល់ដល់បរិស្ថាននៅលើសកលោក។ មិនមានច្រើនជាង ១០០ នៃគម្រោងអភិវឌ្ឍន៍ទេ ដែលបានតម្លើងប្រព័ន្ធ Smart Energy System នេះ។ ក្នុងនោះមានប្រទេសដូចជា សិង្ហបុរី (Singapore) និង បាំងកក ប្រទេសថៃ។ សម្រាប់សណ្ឋាគារ Sheraton និងសណ្ឋាគារ Hilton ក៏បានតម្លើងប្រព័ន្ធនេះដែរ។
Ding Li Sunshine City កំពុងតែផ្ដល់ទៅដល់អ្នកវិនិយោគនូវភាពទាក់ទាញ ដែលធានានឹងទទួលបាន ៣០% នៃប្រាក់វិនិយោគត្រលប់មកវិញក្នុងរយៈពេល ៥ឆ្នាំ។ មិនត្រឹមតែទាក់ទាញសម្រាប់គម្រោង នៃការវិនិយោគនោះទេ ការអភិវឌ្ឍនេះ មានគម្រោងច្រើនផ្នែក នៅក្នុងការបង្កើនភាពទុកចិត្តទៅដល់វិនិយោគគិន៕