(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «កម្មវិធីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពបន្ថែម លើការអភិវឌ្ឍសមត្ថភាពក្រុមការងារគម្រោង ពាក់ព័ន្ធការងារកែទម្រង់តាមបែបឌីជីថល»

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការសម្របសម្រួលពីមូលនិធិ Temasek អន្តរជាតិ។

ក្នុងឱកាសនោះ លោក យក់ ប៊ុនណា បានលើកឡើងថា នេះជាសិក្ខាសាលាមួយ ដែលត្រូវបានអនុវត្តក្នុងក្របខណ្ឌនៃគម្រោងកម្មវិធី ការអភិវឌ្ឍសមត្ថភាពផ្នែករដ្ឋាភិបាលឌីជីថល នៅក្នុងរដ្ឋបាលសាធារណៈ។

លោកបន្តថា «យើងបានរៀបចំសិក្ខាសាលា ២ថ្ងៃ ដោយផ្តល់ចំណេះដឹងទូទៅពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល នៅក្នុងខែកក្កដាកន្លងមក។ ពេលនេះយើងបានចាប់ផ្តើមដំណើរការកម្មវិធី ដែលយើងធ្វើការផ្ទាល់ជាមួយក្រសួង/ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងការផ្តល់ចំណេះដឹងនិងបទពិសោធន៍ ក៏ដូចជាបច្ចេកទេសពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តគម្រោងកែលម្អគុណភាពសេវាសាធារណៈ ផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាការវិវត្តថ្មីនៃការអនុវត្តក្នុងក្របខណ្ឌបដិវត្តឧស្សាហកម្ម ៤.០»

ការដឹកនាំកំណែទម្រង់រដ្ឋបាលសាធារណៈ គឺដើម្បីកសាងទម្រង់រដ្ឋបាលមួយដើរឱ្យទាន់នឹងការវិវត្តប្រែប្រួលឆាប់រហ័សនៃបច្ចេកវិទ្យាទំនើប ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ តួយ៉ាងដូចជារដ្ឋាភិបាលឌីជីថល គឺទាមទារនូវការផ្លាស់ប្តូរផ្នត់គំនិត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងកសាងអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើតឱ្យបាននូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចល្អក្នុងផ្នែកសាធារណៈ និងផ្នែកឯកជនដោយមានការចូលរួមពីប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងស្មារតីនៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១-២០៣៥) របស់រាជរដ្ឋាភិបាល បច្ចុប្បន្នក្រសួងមុខងារសាធារណៈ បាននិងកំពុងអភិវឌ្ឍមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្រ្តីរាជការ និងបៀវត្សតាមព័ត៌មានវិទ្យាដែលមានស្រាប់ ដោយប្រឹងប្រែងបង្កើតផ្នែកសូហ្វវែរ (Software) ថ្មី គួបផ្សំនឹងការប្រើប្រាស់ម៉ាស៉ីនហាដវែរ (Hardware) ដែលទើបទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ជាលទ្ធផលនៃការខិតខំខាងលើនេះ អគ្គនាយកដ្ឋានផែនការ ស្ថិតិ និងការគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងមុខងារសាធារណៈ កំពុងរៀបចំដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៉ីវិល នៅតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងប្រព័ន្ធសម្រាប់ទូរស័ព្ទឆ្លាតវៃ (Mobile App) ដែលខាងមុខនេះមន្រ្តីរាជការស៉ីវិលគ្រប់រូបអាចប្រើប្រាស់បាន។ ជាមួយគ្នានោះ បានរៀបចំរួចជាស្រេច ដើម្បីផ្តល់ជូនដោយឥតគិតថ្លៃនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការគំរូថ្មី ដែលជាប្រភេទស្មាតកាត (Smart Card) សម្រាប់ប្រើប្រាស់ជាប័ណ្ណសម្គាល់អត្តសញ្ញាណផង និងប្រើប្រាស់ជាប័ណ្ណ ATM សម្រាប់បើកប្រាក់បៀវត្សផងដែរ៕