(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានបន្ដ ចុះពិនិត្យស្ថានភាពសំណង់ខុសច្បាប់ និងខ្ចុះស្ថិតនៅតំបន់ជុំវិញស្រះស្រង់។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ៕