(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ដើម្បីផ្ដល់កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។

អនុស្សរណៈនេះត្រូវបានចុះហេត្ថលេខាដោយលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

លោក សុខ ដារ៉ា បានឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូវាងស្ថាប័នរដ្ឋទាំងពីរ ក្នុងការជំរុញនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការបង្កើតកម្មវិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា យន្តការប្រតិបត្តិការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើតនិងចុះបញ្ជីបរធនបាលកិច្ច និងផលប្រយោជន៍ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការរំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។

គួរជម្រាបថា ពិធីចុះអនុស្សរណៈនេះដែរក៏មានការចូលរួមពីលោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី កុច មារតី អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនិយ័តករបរធនបាលកិច្ច និងទូរទស្សន៍ជាតិកម្ពុជា ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ៕