(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News អំពីការតែងតាំង ដំឡើងឋានន្តរស័ក្ត ឬដំឡើងឋានៈ មន្ត្រីនគរបាលជាតិ។
លោកបានបញ្ជាក់ថា រាល់ការតែងតាំងទាំងអស់ សុទ្ធតែឆ្លងកាត់ការពិនិត្យពិច័យ វាយតម្លៃយ៉ាងច្បាស់លាស់ អំពីគុណធម៌ វិន័យសីលធម៌ ស្នាដៃ គុណសម្បត្តិ អតីតភាព ជាពិសេសគឺសមត្ថភាព និងប្រជាប្រិយភាពក្នុងការដឹកនាំ បានន័យថា មិនមែនតែងតាំងតាមការនឹកឃើញ។
ការបកស្រាយ និងពន្យល់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានវាយប្រហារទៅលើស្ថាប័នកងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធទៅនឹងការតែងតាំង ស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ ដោយវិទ្យុនេះបានចោទប្រកាន់ថា លោកមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងបក្ខពួកនិយមជាដើម។
ជុំវិញការចោទប្រកាន់នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ពន្យល់ថាការគ្រប់គ្រងដឹកនាំ ការតែងតាំង ការដំឡើងឋានន្តរស័ក្ត ការដំឡើងឋានៈ ឬការពិន័យ និងដកមុខដំណែង ឬការបណ្តេញចេញពីក្របខណ្ឌកងកម្លាំងនគរបាលជាតិ គឺស្ថិតនៅក្រោមលក្ខន្តិកៈដោយឡែក នៃកងកម្លាំងនគរបាលជាតិ។
លោកបញ្ជាក់ថា៖ «រាល់ការតែងតាំងសុទ្ធតែឆ្លងកាត់ការពិនិត្យពិច័យ វាយតម្លៃយ៉ាងច្បាស់លាស់ អំពីគុណធម៌ វិន័យសីលធម៌ ស្នាដៃ គុណសម្បត្តិ អតីតភាព ជាពិសេសគឺសមត្ថភាព និង ប្រជាប្រិយភាពក្នុងការដឹកនាំ បានន័យថា មិនមែនតែងតាំងតាមការនឹកឃើញ ដូចអ្វីដែលវិទ្យុបរទេសនិយាយភាសាខ្មែរបានផ្សព្វផ្សាយនោះឡើយ»។
លោក ឆាយ គឹមខឿន បានរិះគន់ចំពោះការលើកយកទស្សនៈរបស់យុវជន ឬមន្ត្រីសង្គមស៊ីវិលម្នាក់ ឬ២នាក់ មកធ្វើជាបង្អែកក្នុងការវាយតម្លៃ ដែលការសន្និដ្ឋាននេះមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយគ្រាន់តែជាការសម្តែងទស្សនៈរបស់បុគ្គលម្នាក់ ឬ២នាក់ ដោយមិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ដែលទស្សនៈនេះមិនបានតំណាងឱ្យពលរដ្ឋទូទាំងប្រទេសក្នុងការវាយតម្លៃនោះឡើយ។
លោកទទួលស្គាល់ថា កន្លងមកមានបុគ្គលកងកម្លាំងមួយចំនួនតូច ធ្លាប់ប្រព្រឹត្តអំពើខុសឆ្គងខ្លះ ប៉ុន្តែរាល់កំហុសឆ្គង ឬភាពអសកម្មរបស់កងកម្លាំងនគរបាលជាតិ គឺត្រូវបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកទៅលើបទបញ្ជារបស់នគរបាលជាតិ និងច្បាប់។ ក្នុងករណីរកឃើញកំហុស និងការអនុវត្តខុសវិន័យ ក៏មានការដាក់ពិន័យកងកម្លាំង ហើយបើករណីធ្ងន់ធ្ងរប៉ះពាល់ដល់ច្បាប់ ក៏មានការចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតផងដែរ។ ផ្ទុយទៅវិញសម្រាប់ម ន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងលក្ខខណ្ឌកំណត់ នឹងត្រូវបានទទួលបានការលើកទឹកចិត្ត តែងតាំង ដំឡើងឋានៈ ឬឋានន្តរស័ក្ត ទៅតាមគុណសម្បត្តិ និងស្នាដៃ ដែលពួកគាត់បង្កើតឡើង។
លោកចាត់ទុកថា ការផ្សព្វផ្សាយចោទប្រកាន់របស់វិទ្យុបរទេសននេះ សឹងក្លាយជារឿងធម្មតាទៅហើយ ដោយសារតែវិទ្យុនេះ តែងតែផ្សព្វផ្សាយព័ត៌មានមិនពិត ហើយក៏មិនដែលលើកឡើងអំពីស្នាដៃ សមិទ្ធផលរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ព្រមទាំងមិនដែលឱ្យតម្លៃ លើកតម្កើនដល់ប្រជាពលរដ្ឋខ្មែរឡើយ។ ព័ត៌មានដែលផ្សាយចេញច្រើនតែវាយតម្លៃតាមទស្សនៈទុទិដ្ឋិយម ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច ដោយរើសយកតែចំណុចអវិជ្ជមាន គ្មានប្រភពច្បាស់លាស់ ឬទស្សនៈមិនគ្រប់ជ្រុងជ្រោយរបស់មនុស្សម្នាក់ ឬ២នាក់ មកធ្វើការសន្និដ្ឋានវាយតម្លៃតែប៉ុណ្ណោះ។
ជាបុគ្គលម្នាក់ ដែលជាអ្នកឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន លោក ឆាយ គឹមខឿន ក៏បានប្រដៅវិទ្យុខាងលើ គួរប្រមូលប្រភពឱ្យបានគ្រប់ជ្រុងជ្រោយសិន និងគោរពសីលធម៌វិជ្ជាជីវៈ ហើយចៀសវាងដាច់ខាតនូវការសន្និដ្ឋានហួសពីសមត្ថកិច្ចរបស់ខ្លួន ក្នុងទស្សនៈងងឹតងងុល បម្រើឱ្យផលប្រយោជន៍ ឬនិន្នាការបស់ពួកបរទេស ដែលទង្វើទាំងនោះ គឺផ្ទុយពីមនសិកា និងវិជ្ជាជីវៈសារព័ត៌មាន៕
ឆាយ គឹមខឿន