(កំពង់ចាម)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម» ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារអិលប៊ីអិន អេស៊ាន ខេត្តកំពង់ចាម។
លោកបានថ្លែងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ពិភពលោកទាំងមូលពិតជាប្រឈមយ៉ាងខ្លាំងទៅនឹងការដោះស្រាយបញ្ហាជាច្រើនដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាមសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោក ទាំងការរាតត្បាតជម្ងឺដ៏កាចសាហាវកូវីដ-១៩ គ្រោះធម្មជាតិ ដែលសុទ្ធតែជាកត្តាជម្រុញឲ្យសេដ្ឋកិច្ចពិភពលោក កាន់តែដុនដាប រួមទាំងសេដ្ឋកិច្ចមហាអំណាចខ្លួនឯងផង។
លោកថា «ទន្ទឹមនឹងផលប៉ះពាល់នេះ ភាពក្រីក្រ បានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អសម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងក្រុមជនទុច្ចរិតឆ្លៀត ឱកាសប្រព្រឹត្ត អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាកនេះ។ យើងពិតជាបានខំប្រឹងជម្នះឧបសគ្គទាំងឡាយ ដោយបានធ្វើការងារយ៉ាងសកម្មភាពព្រមៗគ្នា ជាមួយអង្គការជាតិ-អន្តរជាតិផ្សេងៗ ដើម្បីដោះស្រាយភាពប្រឈម ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល បើទោះជាមានសកម្មភាពខ្លះ មានការខ្វះចន្លោះ ឆកល្វែង ឬមើលរំលង ដោយផ្អែកទៅលើការតម្រង់ទិសនៃបញ្ហាថ្មីៗ និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់»។
តែទោះបីជាយ៉ាងនេះក្តី បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឲ្យក្លាយជាភាពច្របូកច្របល់ ដោយផ្តេកផ្តួលទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថិរភាពនៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋលេខាធិការ។
វគ្គបណ្តុះបណ្តាលស្ដីពី ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងសមាហរណកម្ម ដែលមានរយៈពេលបីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីជួរមុខដើម្បីទទួលបាន នូវធាតុចូលថ្មីៗបន្ថែមទៀត។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការវាយតម្លៃឱ្យបានកាន់តែប្រសើរឡើងអំពីភាពងាយរងគ្រោះ ហានិភ័យ ស្ថានភាពគ្រួសារ និងជំនាញផ្សេងៗរបស់អ្នកវិលត្រឡប់ សំដៅបង្កើតកម្មវិធីសមាហរណកម្មប្រកបដោយនិរន្តរភាពដែលមានការគាំទ្រផ្នែកសេដ្ឋកិច្ច សង្គម ចិត្តសង្គម ព្រមទាំងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជនរងគ្រោះ។
ដើម្បីរួមចំណែកដល់ការវិលត្រឡប់ប្រកបដោយនិរន្តរភាពនៃពលករទេសន្តរប្រវេសន៍ និងអ្នករស់រានមានជីវិតនៅក្នុងតំបន់គោលដៅ សូមលើកទឹកចិត្តស្នើដល់វាគ្មិនក្នុងវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាកាមទាំងអស់ រួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង ផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក រិះរកគ្រប់មធ្យោបាយដើម្បីជួយដល់ជនរងគ្រោះ និងការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម សំដៅធានាបានការវិលត្រលប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាទូទាំងប្រទេស។
លោកបន្តថា «សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលបានចូលរួមសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអង្គការ IOM ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលក្នុងថ្ងៃនេះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ ខ្ញុំសង្ឃឹមថា លោក លោកស្រី នឹងទទួលបានបទពិសោធន៍ថ្មីៗ ក្លាយជាគ្រូបង្គោល កា្លយជាអ្នកមានពិសោធន៍ ជួយដល់ជនរងគ្រោះដោយអំពើជួញដូរ និងត្រូវខិតខំធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្មជនរងគ្រោះ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដើម្បីទទួលបានសេវាសមស្រប និងទទួលបាននូវសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ពួកគាត់ ចៀសវាងការរងគ្រោះសារជាថ្មី»៕