(បាត់ដំបង)៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៥៦គ្រួសារ ដែលរស់នៅលើខ្នងទំនប់អាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ អំណោយទាំងនោះត្រូវបាននាំទៅប្រគល់ ជូនប្រជាពលរដ្ឋតាមរយៈលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី២៣ខែសីហា ឆ្នាំ២០២២។
លោក សុខ លូ បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។
ទន្ទឹមនេះ លោកប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាខេត្តអាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះនិងបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ លោកបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។ លើសពីនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានអនុវត្ដយ៉ាងខ្ជាប់ខ្ជួនក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេសប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។
លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវការរីករាយជាខ្លាំងដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានលោក សុខ លូ ជាប្រធាន បានចែកជូនអំណោយនៅថ្ងៃនេះដើម្បីជួយសម្រួលលើការហូបចុកបានមួយគ្រា ហើយនិងបានគោរពថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ សូមសម្តេចមានសុខភាពល្អ កម្លាំងមាំមួន ជៀសឆ្ងាយពីជំងឺទាំងពួង ដើម្បីបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាពបន្តទៀត។
អំណោយដែលចែកជូនដល់គ្រួសារនីមួយៗមានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធវីឃែរ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ។ ជាមួយគ្នានោះ ក្រុមការងារបានប្រគេនទាយ្យទានចំពោះព្រះសង្ឃវត្តសិង្ហារាម ហៅវត្តអាងភាស រួមមាន អង្ករ១០០គីឡូក្រាម មី៤កេស ត្រី៤យួរ ទឹកត្រី៤យួរ ទឹកស៊ីអ៉ីវ៤យួរ ទឹកបរិសុទ្ធ១០កេស និងបច្ច័យមួយចំនួនផងដែរ៕