(តាកែវ)៖ បន្ទាប់ពីមើលឃើញសិស្សានុសិស្សដែលរៀនភាសាអង់គ្លេសក្រៅម៉ោងជាមួយលោកគ្រូ គឹម នី បានជួបនូវការខ្វះបន្ទប់សិក្សា និងសម្ភារមួយចំនួន ក្រុមការងារចលនាយុវជនកម្ពុជាសាខាខេត្តតាកែវ បានក៏បានជួយសាងសង់បន្ទប់សិក្សា២បន្ទប់ជូនដល់លោកគ្រូ គឹម នី នាគេហដ្ឋានរបស់លោកស្ថិតនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

គួរជម្រាបថា លោកគ្រូ គឹម នី ជាជនពិការជើងទាំងសងខាង និងជាគ្រូស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេសដោយមិនគិតថ្លៃដល់ក្មេងៗសិស្សានុសិស្សនៅស្រុកត្រាំកក់នោះ។

នៅក្នុងឱកាសចុះប្រគល់បន្ទប់សិក្សា២បន្ទប់ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោកគ្រូ គឹម នី បានឱ្យដឹងថា ការសាងសង់បន្ទប់សិក្សា២បន្ទប់ខាងលើនេះស្មើនឹងថវិកាជិត១ម៉ឺនដុល្លារ។

ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ មកជម្រាប់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដោយក្តីនឹករំលឹក ហើយក៏សម្តែងការកើតសសើរនិងទឹកចិត្តជូនលោកគ្រូ គឹម នី ដែលជាជនពិការដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តក្នុងការបង្រៀនភាសាអង់គ្លេស កុំព្យួរទ័រ និងចំណេះដឹងទូទៅទៅដល់សិស្សក្នុងភូមិដោយមិនគិតថ្លៃ ឱ្យមានចំណេះវិជ្ជាក្លាយជាទំនងស្នងឫស្សីរបស់សង្គមជាតិនាថ្ងៃអនាគត ស្របទៅនឹងគោលនយោបាយលើវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញផងដែរ។

លោក កែវ វ៉ាន្នី ក៏បានផ្តាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងពូកែ និងមានចំណេះដឹងពិតប្រាកដ ហើយត្រូវស្កាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ ព្រោះមានតែចំណេះដឹងនេះហើយដែលកែប្រែវាសនាខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ចាំបាច់សម្រាប់សង្គមជាតិ និងគ្រួសារ ហើយអ្វីដែលសំខាន់ទៀតនោះ គឺសិស្សត្រូវប្រែក្លាយខ្លួនឯង ទៅជាកូនល្អ មិត្តល្អ និងសិស្សល្អនៅក្នុងសង្គម។

លោកគ្រូ គឹម នី ដែលជាជនពិការជើងទាំងសខាង ក៏បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបាននូវបន្ទប់សិក្សាចំនួន២ខ្នងនេះ ក្រោមការជួយឧបត្ថម្ភពីលោក កែវ វ៉ាន្នី និងក្រុមការងារទាំងអស់របស់ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏ដូចជាសប្បុរសជនដទៃទៀតដែលបានចូលរួមចំណែលក្នុងការកសាងបន្ទប់សិក្សា២ខ្នងនេះឡើង ព្រមទាំងបានបំពាក់នូវកង្ហារផងដែរ ដើម្បីឱ្យសិស្សានុសិស្សមានបន្ទប់សិក្សាមួយត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រៅពីផ្ដល់បន្ទប់សិក្សា២បន្ទប់ ក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧ក៏បាននាំយកសម្ភារៈមួយចំនួនទៅចែកជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សផងដែរ ក្នុងនោះសិស្ស១៥០នាក់ ដោយម្នាក់ៗទទួលបានសៀវភៅ៣ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម ប្រដាប់ចិតខ្មៅដៃ១ និងថវិកា៥,០០០រៀល។ ដោយឡែកលោក គឹម នី គ្រូបង្រៀនជនពិការផ្ដល់ជូនថវិកាលើកទឹកចិត្ត១លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ៕