(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យមានការពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ផ្ញើជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ។
ការពន្យារពេលនេះត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ដោយសារដំណើរការរៀន និងបង្រៀនក្នុងឆមាសទី១ មិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្តាលពេលប៉ុណ្ណោះ។
ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែកដំណើរការគ្រឹះស្ថានសិក្សា ឆ្នាំសិក្សា២០២២-២០២៣ ក្រសួងនឹងចេញសេចក្តីណែនាំថ្មី៕