(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ថាបានប្រព្រឹត្តអំពើពុករលួយ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ទំនុកចិត្តតែងតាំង លោក កឹង ឃន ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងសេចក្ដីបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ លោក កឹង ឃន និងកងកម្លាំងនគរបាលខេត្តស្វាយរៀងទាំងមូល ដែលកន្លងមកលោកបានដឹកនាំកងកម្លាំងនគរបាលទូទាំងខេត្តស្វាយរៀង បំពេញបេសកកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទទួលបានជោគជ័យធ្វើឲ្យខេត្តស្វាយរៀងទាំងមូល មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរទទួលបានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង សូមគូសបញ្ជាក់បន្ថែមថា ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនេះ គឺជារឿងចាស់កន្លងមក ហើយក៏ធ្លាប់មានក្រុមការងារអធិការកិច្ច សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកធ្វើការស៊ើបអង្កេតស្រាវជ្រាវ ពុំមានបណ្ដឹងអានាមិក និងករណីដូចការចោទប្រកាន់នោះទេ៕