(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា សម្ដេចគ្មានជម្រើសយកអ្នកដែលតាំងខ្លួនជាសត្រូវជាមួយសម្ដេច ធ្វើជាមិត្តនោះឡើយ ព្រោះគេធ្លាប់អះអាងរហូតដល់ថ្នាក់ កម្ទេចត្រកូលហ៊ុន ថែមទៀតផង។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រជូននិស្សិតជយលាភី របស់សាកលវិទ្យាល័យអាស៉ី-អឺរ៉ុប ចំនួន៣,០៧៥នាក់។ មូលហេតុដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះជាថ្មីម្ដងទៀត គឺដោយសារតែក្រុមអគតិទាំងអស់នោះតែងតែចោទប្រកាន់ និងប្រឌិតសាច់រឿងខុសពីការពិតមកលើសម្ដេច និងក្រុមគ្រួសាររបស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើអ្នកឯងយកខ្ញុំជាសត្រូវមួយជីវិត ខ្ញុំក៏អត់មានជម្រើសក្រៅតែពីចាត់ទុកអ្នកឯង ទប់ស្កាត់អ្នកឯងតែប៉ុណ្ណឹង។ ខ្ញុំអត់ចាត់ទុកអ្នកឯងជាសត្រូវរបស់ខ្ញុំទេ ប៉ុន្ដែបើអ្នកឯងវាយខ្ញុំ ខ្ញុំអត់មានជម្រើសទេ ខ្ញុំមិនឱបដៃឲ្យអ្នកវាយទេ ហើយអ្នកឯងស្គាល់ ហ៊ុន សែន ច្បាស់ហើយ ល្មមស្គាល់ហើយយ៉ាងហោចណាស់អ្នកខ្លះស្គាល់១០ឆ្នាំ ស្គាល់៤០ឆ្នាំជាងហើយ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមអគតិទាំងអស់នោះ ដែលតែងយកត្រកូល «ហ៊ុន» ទៅភ្ជាប់ស្ទើរគ្រប់រឿងដែលបានកើតឡើង ជាក់ស្ដែងក្នុងរឿងភ្នំតាម៉ៅ ក៏ភ្ជាប់ជាមួយកូនរបស់សម្ដេច គឺលោក ហ៊ុន ម៉ាណែត និងលោកស្រី ហ៊ុន ម៉ាណាជាដើមថា មានភាគហ៊ុន និងជាប់ពាក់ព័ន្ធក្នុងរឿងនេះ និងធ្វើឲ្យសម្ដេចខឹងសម្បាយ៉ាងខ្លាំង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ពាក្យដែលក្រុមទាំងនោះលើកឡើងថា «សម្ដេចអត់សមត្ថភាព» តែសម្ដេចបានឌឺត្រឡប់ទៅវិញថា ក្រុមអ្នកទាំងនោះមានសមត្ថភាព តែបានត្រឹមតែរត់ចោលស្រុកប៉ុណ្ណោះ ខណៈដែលសម្ដេចអាចដឹកនាំប្រទេសមួយនេះ ពីគ្មានអ្វីទាល់តែសោះ រហូតមានសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចពេលបច្ចុប្បន្ននេះ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ដទៀតថា ភាពអគតិរបស់មនុស្សខ្លះមិនទទួលយករឿងដែលកើតឡើង ធ្វើឲ្យសម្ដេចហួសចិត្ត សូម្បីតែវិបត្តិនៅមីយ៉ាន់ម៉ាដោះស្រាយមិនទាន់បានជោគជ័យ ក៏ទម្លាក់កំហុសមកលើសម្ដេចដែលជាប្រធានអាស៊ានប្ដូរវេន ដូច្នេះសម្ដេចបានផ្ដាំឲ្យតាមដានបន្ដទៀត នៅឆ្នាំក្រោយដែលឥណ្ឌូនេស៉ីធ្វើជាប្រធានអាស៊ានប្ដូរវេនម្ដង ខណៈកម្ពុជានឹងផុតក្នុងរយៈពេលប៉ុន្មានខែទៀតខាងមុខនេះ។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏រំលឹកនូវរឿងរ៉ាវមួយចំនួនកាលពីមុន ដែលសម្ដេចមានគំនិតមិនចង់ឲ្យកូនចៅ មកពាក់ព័ន្ធជាមួយរឿងនយោបាយនោះទេ ប៉ុន្ដែដោយសារក្រុមអគតិទាំងអស់នេះ ដែលតែងប្រកាសសត្រូវជាមួយក្រុមគ្រួសាររបស់សម្ដេច ទើបសម្ដេចផ្លាស់ប្ដូរគំនិតជំរុញឲ្យកូនចៅទាំងអស់ ចូលប្រឡូកក្នុងរឿងនយោបាយ និងឈានទៅដល់ការប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ដ្រីនៅពេលអនាគតថែមទៀតផង៕