(កំពង់ចាម)៖ រថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ដែលបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុកបង្កោលភ្លើង បណ្តាលឲ្យដាច់ខ្សែភ្លើងដាច់រាប និងធ្លាក់រាយប៉ាយដល់ដី ស្ថិតនៅចំណុចផ្លូវកែង ស្រុកបាយធាយនោះ ជាលទ្ធផលមានមនុស្ស រងរបួសធ្ងន់និងស្រាលចំនួន១០នាក់។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចថ្នល់កែង ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ មន្ដ្រីនគរបាលចរាចរណ៍ ស្រុកបាធាយ បានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដសាំងយ៉ុង ដឹងអ្នកដំណើរពាក់ស្លាកលេខ 2AE-0824 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅសៀមរាប ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុច ថ្នល់កែង បំបែកទៅព្រែកក្ដាម ស្រាប់តែបែកកង់ ក៏រេចង្កូតទៅបុកបង្គោលភ្លើង បាក់រាបដល់ដី ធ្វើឱ្យដាច់ខ្សែភ្លើងពាសពេញផ្លូវ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ជនរងគ្រោះដែលរបួសមាន១០នាក់ ក្នុងនោះអ្នកបើកបររថយន្ដ រងរបួសធ្ងន់ជាងគេតែមិនត្រូវស្គាល់ អត្តសញ្ញាណនោះទេ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ក្នុងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះផ្សេងទៀតត្រូវបាន ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកបាធាយ។ ក្រោយកើតហេតុ រថយន្ដសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបាធាយ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕