(ភ្នំពេញ)៖ ឆ្លើយតបទៅអ្នកវិភាគម្នាក់ ដែលលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ចរិតកែមិនឡើង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហានេះបញ្ជាក់ទៅវិញថា ជាការលើកឡើងត្រឹមត្រូវ ហើយមួយជីវិតរបស់សម្តេច មិនកែជាដាច់ខាត គឺជា ហ៊ុន សែន របស់កម្ពុជា នៅជាមួយប្រជាជនកម្ពុជា ក្នុងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងការរស់រានមានជីវិតរបស់ប្រជាជន។
អ្នកវិភាគរូបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ហៅថា «អាខ្មៅ» ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ហើយកាលនៅកម្ពុជា ចូលចិត្តលួចហូបបាយពេលយប់ និងមានស្ត្រីច្រើន។ ទោះបីជានិយាយមិនចំឈ្មោះបុគ្គលនោះ ប៉ុន្តែត្រូវបានគេស្គាល់ថាបុគ្គលនោះជា ប៊ុត ប៊ុនតិញ ដែលស្លៀកស្បង់ចីវរជាព្រះសង្ឃ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា មិនមែ នសម្តេចអញ្ជើញក្នុងពិធីចែកសញ្ញាបត្រ ដើម្បីជេរប្រទេចនោះទេ ប៉ុន្តែសម្តេចត្រូវតែបំភ្លឺ ព្រោះបើមិនបំភ្លឺទៅវិញទេ អ្នកវិភាគនោះ នៅតែនិយាយគ្មានការពិតដដែលៗ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យប់មិញមានអាខ្មៅមួយនោះ គេថាចរិត សាន្ត ប៊ុនធឿន កែមិនឡើង តែ ហ៊ុន សែន ទេកែអត់ឡើង ត្រឹមត្រូវទៀត ហ៊ុន សែន កែអត់ឡើងទេ ព្រោះ ហ៊ុន សែន ត្រូវការធានានូវការការពារសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា អភិវឌ្ឍន៍។ ចង់ឲ្យ ហ៊ុន សែន កែធ្វើម៉េច បើ ហ៊ុន សែន កំពុងឈរនៅកន្លែងនេះ ការពារជាតិ ការពារទឹកដី ការពារនូវសន្តិភាព ការរស់រានមានជីវិតរបស់ប្រជាជន។ ឥឡូវសូមផ្តាំទៅវិញ កុំសង្ឃឹមថា ហ៊ុន សែន កែមួយជីវិត ហ៊ុន សែន ដាច់ខាត ហ៊ុន សែន របស់កម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាសម្តេចបាត់បង់អំណាច នៅពេលខាងមុខ ក៏អំណាចក្នុងការគ្រប់គ្រងដឹកនាំប្រទេស ក៏នៅតែស្ថិតនៅក្នុងដៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ ហើយមិនធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រឆាំងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ជាញឹកញាប់តែងតែប្រកាសយ៉ាងច្បាស់ហើយថា ទោះក្នុងតម្លៃណាក៏ដោយ សម្តេចការពារដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយ មិនឱ្យរឿងរ៉ាវអតីតកាលត្រឡប់មករកកម្ពុជាវិញឡើយ។ រឿងរ៉ាងអតីតកាលដែលកម្ពុជា ធ្លាប់ឆ្លងកាត់នូវភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាប់សម្លាប់ប្រជាជនរាប់លាននាក់៕