(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ សម្រេចឃុំខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា៣នាក់ និងខ្មែរម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំកាស៊ើបអង្កេតបន្ថែម ជុំវិញករណីលួចលេខសម្ងាត់ប័ណ្ណ ឥណទានតាមប្រព័ន្ធបច្ចេកវិទ្យា (ATM) ដែលមានទំនាក់ទំនងពីប្រទេសអូស្ត្រាលី មកកម្ពុជា។
មន្ត្រីតុលាការថ្លែងថា បុរសជនជាតិនីហ្សេរីយ៉ា៣នាក់នេះ ឈ្មោះ ODEBUNMI OLASUNKANMI FRANK អាយុ៣២ឆ្នាំ, ឈ្មោះ ADEMIUYI GBENGA ADEGOK អាយុ២៤ឆ្នាំ និងឈ្មោះ TAIWOTEMITOPE OLAKUNLE អាយុ៣០ឆ្នាំនិងបុរសជនជាតិខ្មែរ ម្នាក់ទៀត ឈ្មោះ អ៊ឹង វណ្ណៈ អាយុ២៩ឆ្នាំ។
មនុស្សទាំង៤នាក់នេះ បានត្រូវសមត្ថកិច្ចនគរបាល នាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៤នាក់នេះ បានសហការជាមួយមនុស្សមួយចំនួនទៀត នៅប្រទេសអូស្ត្រាលី ហេក (Hack) ចូលគណនីអ្នកដទៃ ដោយបានដកប្រាក់មួយចំនួន រួចអ្នកនៅប្រទេសអូស្ត្រាលី បានទិញសម្ភារៈមួយចំនួនផ្ញើមកមនុស្ស ទាំង៤នាក់នេះ នៅប្រទេសកម្ពុជា។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មនុស្សទាំង៤នាក់នេះ បានទៅទទួលយកសម្ភារៈ ដែលផ្ញើពីប្រទេសអូស្ត្រាលីនៅឃ្លាំង CARGO TERMINAL និងយកពីទំនិញពីក្រុមហ៊ុន DHL EXPRESS ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕