(ភ្នំពេញ)៖ បងប្រុសជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ លោក លី ម៉ាត់លី បានថ្លែងប្រាប់ Fresh News និង Khmertalking នៅថ្ងៃនេះថា ក្រុមគ្រួសាររបស់លោក បានសម្រេចដាក់ពាក្យប្ដឹង​តាមផ្លូវច្បាប់ តារាចម្រៀង ខេម ទៅកាន់តុលាការហើយ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលឲ្យប្អូនប្រុសរបស់លោកស្លាប់ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីការចរចា សំណងមិនត្រូវរ៉ូវគ្នា និងពុំបានទទួលលទ្ធផលអ្វីទាល់តែសោះ។

​ប្រភពព័ត៌មានដដែលបានបន្តថា គ្រួសារ​តារាចម្រៀង ខេម បានសន្យាថា នឹងចូលខ្លួនរកដំណោះស្រាយ ហើយផ្ដល់សំណង ប៉ុន្តែត្រូវបានពន្យាពេល ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ។ ​ប៉ុន្តែព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ឲ្យដឹងថា បងប្រុសជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ ពោលមិនរង់ចាំការចរចា ទៀតទេ ។

​លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានថ្លែងប្រាប់​ Fresh News និង Khmertalking នៅមុននេះបន្តិចថា ជាការពិតក្រុមគ្រួសារបស់លោក បានដាក់ពាក្យប្ដឹងរួចរាល់ហើយ តាមរយៈមេធាវី ទៅកាន់តុលាការ ដើម្បីឲ្យតុលាការ ជួយស្វែង​រកយុត្តិធម៌ ចំពោះការស្លាប់របស់​ប្អូន​ប្រុសលោក ។ លោកនិយាយថា «បាទអូន..! ពាក្យបណ្ដឹងបងបានដាក់រួចហើយ ដាក់ប្រហែល២ទៅ៣ថ្ងៃទៅហើយ និងបានប្រគល់ការងារនេះ ឲ្យមេធាវីរបស់បង ជាអ្នកចាត់ចែង បងសុំទោស បង​កំពុងរវល់ការងាររបស់​បង មិនអាចនិយាយច្រើនជាង​នេះ បានទេ..!»

ទោះបីជាយ៉ាងណា ក្នុងពាក្យបណ្ដឹងនោះ បងប្រុសរបស់ជនរងគ្រោះ មិនបានបញ្ជាក់ទេថា តើលោកនឹងទាមទារសំណង ពីតារាចម្រៀង ខេម នូវទឹកប្រាក់ចំនួនប៉ុន្មាននោះឡើយ ខណៈដែលកាលពីស្ថិតក្នុង ដំណាក់កាលចរចាគ្នា ក្រុមគ្រួសារជនរងគ្រោះ បានទារសំណង​ពី ភាគី​តារាចម្រៀង ខេម ចំនួន​២៥០០០ដុល្លារ ​ ដោយសំណងនេះ លោកនឹងយកមកចំណាយទៅលើ ការរត់ការឯកសារច្បាប់ ការចំណាយធ្វើបុណ្យសព សងការខូចខាតផ្សេងៗ និងការធ្វើនិក្ខេបទ​ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យក្មេងៗ​ជំនាន់​ក្រោយ បានដឹងពីច្បាប់ចរាចរណ៍ ។ ប៉ុន្តែភាគីតារាចម្រៀង ខេម បានព្រមផ្ដល់សំណងចំនួន ៤ពាន់ដុល្លារ ដោយម្ដាយរបស់ខេម បានយកប្លង់ផ្ទះទៅបញ្ចាំ នៅធនាគារ ដើម្បីបានលុយនេះមកសងគេ តែភាគីជនរងគ្រោះ មិនព្រម ។​

​ដោយឡែកភាគី​ តារាចម្រៀង ខេម នៅថ្ងៃនេះ​ Fresh News នៅមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ឬបំភ្លឺជុំវិញរឿងនេះ បានទេ ខណៈដែលលេខទូរស័ព្ទ ត្រូវបានបិទ តាំងពីថ្ងៃជួបគ្រោះថ្នាក់មកម្ល៉េះ ប៉ុន្តែពេលខលចូលម្ដងៗ ក៏គ្មានអ្នកទទួលដែរ។

​ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពី​អ្នក​​សិល្បៈ​នៅជុំវិញ តារាចម្រៀង ខេម បានបង្ហើបថា ការផ្ដល់សំណងចំនួន៤ពាន់ដុល្លារនេះ គឺ​យល់ឃើញថា​​រថយន្ត​ជនរងគ្រោះ​ ជិះ​ចូល​ផ្លូវ​អាទិភាព​របស់រថយន្តតារាចម្រៀង ខេម បង្កឲ្យមានគ្រោះថ្នាក់​ ចរាចរណ៍នេះ​កើតឡើង ជាពិសេសគឺយោងទៅលើរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ ហើយ ខេម ក៏បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិ​ច្រើនដែរ ជាពិសេសការ​លុបចោល​​ កម្ម​វិធី​ប្រគំ​តន្រ្តីនានា ដែលជាប្រភព​ចំណូល​ ដ៏សំខាន់របស់ខ្លួន៕