(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយ KOICA និង Soonchunghyang University Medical Center បើកយុទ្ធនាការ «អនាម័យដៃ គឺសង្គ្រោះជីវិត» ដែលប្រព្រឹត្ដទៅនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។
លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែង ដើម្បីកាត់បន្ថយការចម្លងមេរោគផ្សេងៗតាមរយៈដៃ និងស្របតាមបរិបទកូវីដ១៩ ក្រុមគ្រូពេទ្យរបស់យើង បានសហការជាមួយ KOICA និង Soonchunghyang University Medical Center បើកយុទ្ធនាការ «អនាម័យដៃ គឺសង្គ្រោះជីវិត»។
នាយកមន្ទីរពេទ្យព្រះអង្គឌួងបានគូសបញ្ជាក់ថា «ការសម្អាតដៃ គឺផ្នែកមួយសំខាន់បំផុត សម្រាប់មនុស្សយើងទូទៅ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ជាពិសេសគឺគ្រូពេទ្យផ្នែកគិលានុដ្ឋាក (អ្នកថែទាំអ្នកជំងឺ) ដូច្នេះមិនថាគ្រូពេទ្យ ឬអ្នកជំងឺ និងគ្រួសារអ្នកជំងឺទេ ត្រូវតែសម្អាតដៃឱ្យបានត្រឹមត្រូវ តាមដំណាក់កាលដែលយើងយកបង្ហាញនេះ ដើម្បីកុំឱ្យនាំយកជំងឺពីមនុស្សម្នាក់ ទៅម្នាក់ទៀតដែរ»។
លោកសាស្ដ្រាចារ្យបានបន្ដថា គ្រូពេទ្យយើងទាំងអស់ បានដឹងហើយរបៀបលាងសម្អាតដៃ តែទោះជាយ៉ាងណា ទន្ទឹមក្រមសីលធម៌ មានវិន័យច្បាស់លាស់ ក៏យើងត្រូវឲ្យអនាម័យក្នុងខ្លួនប្រាណឲ្យបានច្បាស់លាស់ រំលឹកមេរៀនជានិច្ច ព្រោះពាក្យថាគ្រូពេទ្យ ត្រូវរៀនហើយ រៀនទៀត អត់ចេះឈប់ ហើយអនុវត្តបណ្តើរ សម្រាប់យុទ្ធនាការនេះ យើងនឹងធ្វើបន្តទៀត ដើម្បីការពារជំងឺឆ្លងទាំងឡាយ។
លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង ថ្លែងទៀតថា «ជាងនេះទៅទៀតថ្ងៃនេះ ក្រុមគ្រូពេទ្យរបស់យើង ក៏បានបង្ហាញរបៀបលាងដៃដោយផ្ទាល់ដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរបស់យើង ដើម្បីឲ្យពួកគាត់យល់ច្បាស់ពីការសម្អាតដៃ ចៀសវាងការចម្លងមេរោគតាមរយៈដៃ ពិសេសស្របបរិបទកូវីដ១៩ ដើម្បីឲ្យពួកគាត់យកទៅបង្រៀនក្រុមគ្រួសាររបស់គាត់បន្ដ។ យើងបង្រៀនប្រជានជនម្នាក់ គាត់អាចបង្រៀនប្រជាជនបន្ដផ្សេងទៀត នោះគ្រួសារគាត់ ឬសហគមន៍របស់គាត់ នឹងដឹងពីរបៀបសម្អាតដៃបានត្រឹមត្រូវ នឹងជួយកាត់បន្ថយជំងឺឆ្លងផ្សេងៗទៅតាមហ្នឹងផងដែរ»។
លោកវេជ្ជបណ្ឌិត ហុង បញ្ញា ប្រធានអប់រំក្រុមការងារបង្ការ និងទប់ស្កាត់ ការចម្លងរោគនៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា យើងដឹងហើយថា ការលាងសម្អាតដៃមានភាពសាមញ្ញាណាស់ តែវាមានសារៈសំខាន់បំផុត ក្នុងការកាត់បន្ថយមេរោគ ជាពិសេសក្នុងបរិបទកូវីដ១៩នេះ គឺឆ្លងតាមរយៈការរក្សាអនាម័យ ដូច្នេះដើម្បីកាត់បន្ថយនៃការឆ្លងមេរោគទាំងអស់ យើងត្រូវលាងសម្អាតដៃឱ្យបានស្អាត ជានិច្ច នឹងអាចកាត់បន្ថយការចម្លងមេរោគផ្សេងបានស្ទើរតែទាំងស្រុង។
លោកវេជ្ជបណ្ឌិតបន្ដថា ការសម្អាតដៃ គឺត្រូវសម្អាតដៃមុនពិសារអាហារ និងក្រោយប៉ះពាល់របស់គ្រប់ប្រភេទដែលកង្វក់ ពិសេសក្រោយបន្ទោលបង់ ។ក្នុងវិស័យវិជ្ជសាស្ដ្រផងដែរ ការលាងដៃសំខាន់ខ្លាំងណាស់ សម្រាប់បុគ្គលិកសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងរោគ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា។
លោកស្រីវេ្ជបណ្ឌិត Kim Jin Hwa ប្រធានផ្នែកបង្ការរោគ និងការគ្រប់គ្រងការចម្លងនៃមន្ទីរពេទ្យ Soonchunghyang បានថ្លែងថា KOICA និង Soonchunghyang University Medical Center មានគម្រោងសហការជាមួយវិស័យសុខាភិបាលជាច្រើន ជាពិសេសជាមួយមន្ទីរពេទ្យព្រះអង្គឌួង ហើយសម្រាប់យុទ្ធនាការ «អនាម័យដៃ គឺសង្គ្រោះជីវិតនេះ» គឺជាផ្នែកមួយតូចតែមានសារៈសំខាន់ខ្លាំងណាស់ ក្នុងចំណោមគម្រោងធំៗជាច្រើនទៀត ដែលនឹងត្រូវធ្វើបន្ដទៀត៕