(សៀមរាប)៖ ប្រជាពលរដ្ឋដែលសង់កញ្ចុះ ឬអាហារដ្ឋានខុសច្បាប់នៅភូមិទក្សិណខាងត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានស្ម័គ្រចិត្តចាប់ផ្ដើមរុះរើសំណង់របស់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរ។
អ្នកស្រី សឹម ពៅ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ថា អ្នកស្រីរស់នៅក្នុងតំបន់នេះតាំងពីឆ្នាំ២០០០ មកហើយ។ ចំពោះដីដែលអ្នកស្រីរស់នៅនេះ គឺបានមកពីឪពុកមាឱ្យ ដោយមិនបានទិញពីនរណាម្នាក់នោះឡើយ ហើយផ្ទះក៏បានសង់យូរមកហើយដែរ ប៉ុន្តែកញ្ចុះទើបតែធ្វើនៅក្នុងឆ្នាំ២០១៧។
អ្នកស្រីបន្តថា ចំពោះសំណងយ៉ាងណាអ្នកស្រីមិនទាន់ដឹងនោះទេ ដោយគ្រាន់តែឮតពីអ្នកជិតខាងថា អាជ្ញាធរនឹងដោះឱ្យទៅរស់នៅក្នុងភូមិរ៉ុនតាឯកវិញ ហើយចំពោះដំណឹងនេះពិត ឬយ៉ាងណានោះអ្នកស្រីមិនបានដឹងច្បាស់ទេ ហើយអ្នកស្រីក៏មានការព្រួយបារម្ភចំពោះការប្រកបរបររកស៊ីជាប្រចាំថ្ងៃ ដោយទីនោះឆ្ងាយពីទីប្រជុំជន និងសាលារៀន ព្រមទាំងមន្ទីរពេទ្យផង។
ចំណែកអ្នកស្រី ហែន សុឃឿន ដែលកំពុងតែរៀបចំសម្ភារ បន្ទាប់ពីការរុះរើកញ្ចុះ បានលើកឡើងទាំងទឹកមុខក្រៀមក្រំថា អ្នកស្រីរស់នៅ និងប្រកបរបររកស៊ីនៅតំបន់ជាយូរឆ្នាំហើយ។ បើសិនជាទៅរស់នៅតំបន់ថ្មីអ្នកស្រីព្រួយ បារម្ភជាងគេនោះ គឺបញ្ហាជីវភាពនៅក្នុងគ្រួសារ មិនដឹងថា ទៅប្រកបរបរអ្វី ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារបន្តទៀតនោះឡើយ ដោយធ្លាប់តែប្រកបរបរនៅតំបន់អង្គរ។
ដោយឡែកលោក ចាន់ វិចិត្រ ដែលប្រកបរបរគូរគនូរ ក៏លើកឡើងមិនខុសគ្នានោះដែរ ដោយលោកបានលើលថា របរគូរគំនូរបានតែនៅក្នុងតំបន់ដែលមានភ្ញៀវទេសចរណ៍ ទើបអាចប្រកបរបរនេះបាន ប្រសិនបើទៅរស់នៅតំបន់ដែលឆ្ងាយពីទេសចរណ៍ លោកក៏មិនសង្ឃឹមថា របរនេះនឹងអាចបន្តទៀតបាននោះដែរ។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី២១ ខែសីហា ក្រុមការងារបានសហការជួយរុះរើតាមការស្នើសុំពីម្ចាស់ សរុបចំនួន១០អាហារដ្ឋាន មានចំនួន១២ម្ចាស់ ស្មើនឹង៧៩កញ្ចុះ មានអាហារដ្ឋាន អង្គរជុំញាតិ អាហារដ្ឋានមាន់ដុតស្រុកស្រែ អាហរដ្ឋានបុកមាន់ខ្មែរអង្គរ អាហារដ្ឋាន ម្លប់ឆ័តអង្គរ អាហារដ្ឋាន មាន់ដុតម្លប់យាង អាហារដ្ឋាន ប្រហុក អាហាដ្ឋានសុខច័ន្ទអង្គរ អាហារដ្ឋាន ក្រយាខ្មែរ អាហារដ្ឋាន មាន់ដុតបុប្ផាកូលាប និងអាហារដ្ឋាន ក្ងោកផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា ដែលមានកម្លាំងចូលរួមសរុប ៧៧៩នាក់ ចែកចេញជា ៣២ក្រុម ក្នុងនោះមានមន្ត្រីក្រសួងរៀបចំដែនដីចំនួន ៤៣៩រូប ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន២៣២រូប និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន១០៨រូប។ យុទ្ធការទ្រង់ទ្រាយធំនេះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះតទៅ។
យុទ្ធនាការនេះដែរ ធ្វើឡើងក្នុងបំណងរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។
ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨,០០០ករណី។ រយៈពេល ៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញជាង ២០០ករណី។
គួរជម្រាបថា តំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២នោះ មានទំហំផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា គ្របដណ្ដប់លើក្រុង/ស្រុកចំនួន៦ នៃខេត្តសៀមរាប មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងស្រុកវ៉ារិន ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ៕