(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបង ក្នុងគោលបំណងកែលំអសោភណភាពក្រុង និងផ្តល់សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនានាទាំងនោះ។
លោក សុខ លូ បានបញ្ជាក់ថា រាល់ដើមឈើ និងមែកឈើតាមដងផ្លូវដែលអាចដួលរលំ ឬបាក់ និងត្រូវកាត់តម្រឹមតាមបច្ចេកទេស ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរ។
លោកបានបន្តថា ក្នុងអំឡុងពេលរៀបចំកាត់មែកឈើធំៗ ឬខ្ពស់ៗ តម្រូវឱ្យមានការបិទផ្លូវឱ្យបានត្រឹមត្រូវជៀសវាងគ្រោះថ្នាក់ជាយថាហេតុកើតមានដល់អ្នកធ្វើដំណើរ ក៏ដូចជាបង្កភាពងាយស្រួលដល់ក្រុមការងារកាត់មែកឈើផងដែរ។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធនានា ត្រូវសិក្សាឱ្យបានច្បាស់លាស់ទៅលើប្រភេទរុក្ខជាតិ ដែលត្រូវដាំលំអបន្ថែមតាមដងផ្លូវក្នុងក្រុង ក៏ដូចជាផ្លូវទៅកាន់រមណីដ្ឋានទេសចរណ៍នានា ហើយត្រូវថែទាំ និងកាត់តម្រឹមជាប្រចាំដើម្បីលើកម្ពស់សោភណភាពឱ្យមានភាពទាក់ទាញ និងស្រស់ស្អាតផងដែរ៕